កម្លាំងនគរបាលស្រុកកំពង់ត្របែក ឃាត់ខ្លួនបុគ្គល៦នាក់ល្មើសច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩,,,

(ខេត្ដព្រៃវែង)៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ មន្រ្ដីនគរបាលយុត្ដិធម៌នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ដឹកនាំដោយលោកវរសេនីយ៍ឯក សួន សំអឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានអនុវត្ដច្បាប់ទៅលើបុគ្គលល្មើសច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ទៅលើបុគ្គលចំនួន ៦នាក់ ស្រី ៣នាក់ ស្ថិតក្នុងឃុំកន្សោមអក និងឃុំពាមមន្ទារ ។

លោកវរសេនីយ៍ឯកសួន សំអឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា
បុគ្គលទាំង៦នាក់ បានល្មើសនឹងអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដូចមានចែងក្នុងមាត្រា៥ គឺការរឹតបន្តឹង ឬការហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ។

លោកបានបន្ដថា ក្រោយពីទទួលបានបង្កាន់ដៃពិន័យអន្ដរការណ៍ពីនគរបាលយុត្ដិធម៌នៃអធិការដ្ឋាននគរបាលស្រុក បុគ្គលល្មើសច្បាប់ទាំង ៦នាក់ នេះ បានមកបង់ប្រាក់ពិន័យអន្ដរការណ៍តាមការកំណត់នៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ក្នុងម្នាក់ចំនួន ២.០០០.០០០ រៀល ក្រោយពីបង់ប្រាក់ពិន័យរួចរដ្ឋបាលស្រុកបានបញ្ជូនបុគ្គលទាំង ៦នាក់នេះ ទៅធ្វើចត្ដាឡីស័កនៅមណ្ឌលរយៈពេល ១៤ថ្ងៃ បន្ថែមទៀត ៕

You might like