សមត្ថកិច្ចចម្រុះចុះពិនិត្យតម្លៃទំនិញលក់ដូរក្នុងផ្សារដែលជនឆ្លៀតឱកាសតំឡើងថ្លៃមុខទំនិញ ខណៈក្រុងប៉ោយប៉ែត តំបន់មួយចំនួនត្រូវបានបិទខ្ទប់ការពារការរីករាលដាលនៃជំងឺកូវីដ១៩

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះចុះពិនិត្យតម្លៃទំនិញលក់ដូរក្នុងផ្សារក្នុងក្រុងប៉ោយប៉ែត ខណៈជនឆ្លាតឱកាសមួយចំនួនបានលួចតំឡើងថ្លៃមុខទំនិញ នៅពេលតំបន់មួយចំនួននៅក្រុងប៉ោយប៉ែតត្រូវបានបិទខ្ទប់ការពារការរីករាលដាលនៃជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្នុងផ្សារត្រីប៉ោយប៉ែត ផ្សារអគ្គៈថ្មី និងតាមតូបលក់ដូរមួយចំនួនផ្សេងទៀត។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចុះត្រួតពិនិត្យជាក់ស្តែង នៅផ្សារអគ្គៈថ្មី, ផ្សារត្រីប៉ោយប៉ែត ឃើញថា ទំនិញមួយចំនួន ដូចជាត្រីខ មី ពងមាន់ពងទា ត្រីងៀត និងសាច់ជ្រូក ឃើញថា មានការឡើងថ្លៃពិតប្រាកដមែន ប៉ុន្តែមិនមែនឡើងគ្រប់តូបនោះទេ អាជីវករមួយចំនួនធំលក់តម្លៃធម្មតាដូចមុន តែក្នុងនោះក៏មានជនឆ្លាតឱកាសមួយចំនួនក៏តម្លើងថ្លៃផងដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនរអ៊ូរទាំ សុំឲ្យសមត្ថកិច្ចជំនាញ និងអាជ្ញាធរ ចាត់វិធានការផងដែរ។

លោក ប៉ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់ថា ជំហានដំបូងនេះ គឺការចុះអប់រំណែនាំ ដល់អាជីវករឲ្យពួកគាត់មួយចំនួនដែលជាជនឆ្លាតឱកាសបញ្ឃប់សកម្មភាពបែបនេះ លក់ដូរក្នុងតម្លៃធម្មតាវិញ ដោយដាក់វិធានណែនាំឲ្យអាជីករដាក់ស្លាកតម្លៃលក់ដូរឲ្យបានត្រឹមត្រូវ អាជ្ញាធរ និងមន្ត្រីជំនាញ និងចុះមកពិនិត្យជាប្រចាំផងដែរ។

ពាក់ព័ន្ធនិងបញ្ហានេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ទោះជាក្រុងប៉ោយប៉ែត ត្រូវបានបិទខ្ទប់ក្នុងតំបន់មួយចំនួន ក៏ពិតមែន តែផ្សារពុំបានបិទនោះទេ។ ប៉ុន្តែអភិបាលរងខេត្តបន្ទាយមានជ័យរូបនេះព្រមានថា បើអាជីវករ ឬជនឆ្លាតឱកាសណាមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីជំនាញទេ នៅតែតំឡើងថ្លៃមុខទំនិញខុសពីធម្មតានោះ និងចុះបិទតូបអាជីវករនោះតែម្តង៕

You might like