នាព្រឹកថ្ងៃ ពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១នេះ ឯកឧត្ដម ប៉ា សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះពិនិត្យមើលស្តង់លក់ស្បៀង និងគ្រឿងឧបភោគ–បរិភោគ ជូនប្រជាពលរដ្ឋរសនៅសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣ ដែលជាតំបន់ក្រហម នៃតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងបានរៀបចំស្តង់លក់ចំនួន ១១ស្តង់ ក្នុងរាជរាជធានីភ្នំពេញ ក្នុងនោះខណ្ឌមានជ័យ មានចំនួន ០៣ស្តង់ដែលបានដាក់លក់រួមមានអង្ករ មី ត្រីខ កំប៉ុង ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៉ីវ ព្រមទាំងគ្រឿងឧបភោគ–បរិភោគ ចាំបាច់ផ្សេងៗជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ បិទខ្ទប់ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដោយដឹកជញ្ជូនដល់ដល់មុខផ្ទះអ្នកទិញតែម្តង ។ ទន្ទឹមនឹងនេះ ឯកឧត្ដម រដ្ឋមន្ត្រី បានបញ្ជាក់ពីគោលបំណងគឺ
១. ចុះសួរសុខទុក្ខមន្ត្រី ក្រុមការងារ ក្រសួងដែលកំពង់ឈរជើងលក់ក្នុងស្តង់
២. ចង់ដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋ និងការបញ្ជាទិញ អនុវត្តតាមវិធានការតាម ការណែនាំរបស់ក្រសួងសុខាភិបាល ដែរឬទេ ។
៣. ដើម្បីផ្តល់ស៊ីមកាត និង ម៉ាស់ជូនក្រុមការងារទុកទំនាក់ទំនង និងពាក់ម៉ាស់កំឡុងពេលផ្តល់ទំនិញជូនប្រជាពលរដ្ឋ ។
ជាមួយគ្នានេះដែរ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការ របស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល នូវវិធានការ៣ ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល ។
បន្ទប់មក ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឧបត្ថម្ភនូវ ស៊ីមកាត មិតហ្វូន ១០០០ស៊ីម និងម៉ាស់ ៧០០០ ប្រអប់ ដល់រដ្ឋបាលសង្កាត់ស្ទឹង២ ផងដែរ ៕