លោក គឹម សន្តិភាព៖ តំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿង នឹងចាប់ផ្តើមអនុវត្តនាម៉ោងសូន្យយប់នេះ

ភ្នំពេញ ៖ ក្រោយកំណត់ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងរួចហើយ អាជ្ញាធរនឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោងសូន្យ នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព។

លោក គឹម សន្តិភាព បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសថា ចំពោះតំបន់ទាំង៣នេះ គឺជាវិធានការដែលត្រូវយកមកអនុវត្តសម្រាប់តំបន់នីមួយៗ ឲ្យមានប្រសិទ្ធភាពចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ។ លោកថា ការអនុវត្តនេះ ក្រោយរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ពីភូមិសាស្ត្រក្នុងតំបន់បិទខ្ទប់ជាតំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿងរួច។

លោកបានស្នើឲ្យប្រជាពលរដ្ឋថា រហូតដល់មុនម៉ោងសូន្យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ត្រូវបន្តអនុវត្តនូវរាល់វិធានការ ដែលបានដាក់ចេញកន្លងមកដដែល គឺវិធានការសម្រាប់តំបន់ក្រហម និងវិធានការសម្រាប់តំបន់មិនក្រហម។

សូមកត់សំគាល់ «តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្តដែលមាន ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។ «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្រ្តមាន ការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ និង «តំបន់លឿង» សំដៅដល់ភូមិសាស្រ្តមាន ការឆ្លងរាលដាលកម្រិតស្រាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕

You might like