ពលរដ្ឋ លើកឡើងថា សាលាស្រុកសាមគ្គីមានជ័យ ជាកន្លែងសាកកាំភ្លើងរបស់លោក វន ស៊ីផា សំណាងហេីយផ្លាតចំសត្វគោ

កំពង់ឆ្នាំង៖លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានសារភាពថា បានសាកកាំភ្លើងដែលទើបទទួលបានមកថ្មី រហូតផ្លាតចំសត្វគោមួយក្បាលបណ្តាលអោយងាប់ ខណៈពលរដ្ឋ លើកឡើងថា «តើបរិវេណសាលាស្រុកសាមគ្គីមានជ័យ ជាកន្លែងសាកកាំភ្លើងឬ ?» ពលរដ្ឋបានបន្តទៀតថានេះសំណាងហេីយចេះគ្រាប់កាំភ្លេីងផ្លាតទៅចំសត្វគោ​ ចុះបេីផ្លាតត្រូវចំមនុស្សវិញតេីគិតយ៉ាងណា។

យោងតាមលិខិតមួយច្បាប់របស់លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ផ្ញើជូនលោកអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះ បានសរសេរថា ៖

«កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែលជា៣ជាងរសៀល មេឃងងឹតរកកលនឹងភ្លៀង ខ្ញុំបាទដោយឃើញសភាពស្ងាត់ក៏មានអារម្មណ៍ចង់បាញ់សាកកាំភ្លើងដែលទើបទទួលបានមកថ្មី ។ ការបាញ់របស់ខ្ញុំ គឺ បាញ់ចុះក្រោមបំបុកនឹងដី ពេលដែលខ្ញុំកេះកៃកាំភ្លើងរួចមក ស្រាប់តែឃើញកូនគោមួយក្បាលបានដួល ។ បន្ទាប់មក ខ្ញុំក៏បានចុះទៅពិនិត្យក៏បានឃើញមានស្នាមលើក្បាលគោ ដែលអាចសន្និដ្ឋានបានថា គោនេះប្រហែលជាត្រូវគ្រាប់កាំភ្លើងដែលផ្លាតទៅត្រូវ»។

លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បន្តថា «បន្ទាប់ពីហេតុការណ៍ នោះកើតឡើង ខ្ញុំក៏បានទាក់ទងទៅលោកអធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ មកធ្វើកំណត់ហេតុ និង អោយស្រាវជ្រាវរកម្ចាស់គោមកធ្វើការពិភាក្សាដោះស្រាយសំណងជូនម្ចាស់គោតាមការព្រមព្រៀង»។

ករណីនេះ គឺ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានសម្របសម្រួលពិភាក្សាជាមួយម្ចាស់គោ និង បានទូទាត់សំណងបានចប់សព្វគ្រប់រួចហើយ ។

មជ្ឈដ្ឋានជាច្រើន ធ្វើការរិះគន់ ថា «តើបរិវេណសាលាស្រុកសាមគ្គីមានជ័យ ជាកន្លែងសាកកាំភ្លើងឬ ?» ហើយការស្លាប់របស់សត្វគោ ជាការបាញ់ព្រោះខឹងគោស៊ីស្មៅ ឬ ជាការផ្លាតគ្រាប់កាំភ្លើង ។

ចម្ងល់ទាំងអស់នេះ មានតែសមត្ថកិច្ចជំនាញ ទេ ដែលអាចធ្វើកោសល្យវិច័យបញ្ជាក់នូវការពិតបាន ៕

You might like