ពលរដ្ឋ កកម្មករ កម្មការិនី ដែលជួបជីវភាពខ្វះខាត ចំនួន ១៧ គ្រួសារ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ទទួលអំណោយមនុស្សធម៌ពី អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

ភ្នំពេញនាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២១ លោក ឌី រ័ត្នខេមរុណប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលជួបជីវភាពខ្វះខាត ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ–១៩ តាមបន្ទប់ជួល ចំនួន ១៧ គ្រួសារ នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម រាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ។ ទន្ទឹមនឹងនេះដែរ លោកប្រធានអនុសាខា បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា–មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

បន្ទប់មក លោកប្រធានអនុសាខា ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុមនិងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល ។ ហើយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍។ ជំងឺនេះកាចសាហាវណាស់ ហេតុនេះសូមបងប្អូនស៊ូទ្រាំលំបាក និងអត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើងតរៀងទៅ ប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ ។

អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ដែលបានផ្ដល់ជូន ១គ្រួសារទទួលបាន៖

– អង្ករ ១បាវ ២៥ គីឡូ , ទឹកសុទ្ធ ១កេស , មី ១កេស , ត្រីខ ១យួរ ក្នុងមួយគ្រួសារផងដែរ ៕

You might like