តុលាការដោះលែង កូនបង្កើតនិងកូនប្រសារ លោកឧកញ៉ា ហេង សៀ អោយមានសេរីភាពឡើងវិញ

ភ្នំពេញ៖ឧកញ៉ា ឃន ឈុនតារា និង លោកស្រី តាំង គីមហៀង ម្ចាស់ធុរកិច្ចធំៗជាច្រើន និង ត្រូវជាកូនបង្កើតនិងកូនប្រសាររបស់លោកឧកញ៉ា ហេង សៀ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងអោយមានសេរីភាពឡើងវិញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចទី៣ បានបញ្ជាក់ថា «អយ្យការរាជធានីភ្នំពេញ បានទទួលពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ធផលនៃការស៊ើបអង្កេតករណីខាងលើនេះ និង បានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និង ឈ្មោះ តាំង គីមហៀង និង សម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយតាមបណ្តាញសង្គម ដែលអំពើផលិតរូបភាពអាសអាភាស ដើម្បីចែកចាយជាសាធារណៈ នេះ គឺ ជាអំពើធ្វើអោយប៉ះពាល់ដល់ប្រពៃណី សីលធម៌សង្គម និង សេចក្តីថ្លៃថ្នូររបស់ស្ត្រី និង ដែលត្រូវផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។

ការសម្រេចដោះលែងនេះ គឺ ក្រោយពីឈ្មោះ ឃន ឈុនតារា បានសារភាពថា ខ្លួនបានទទួលរូបភាពអាសអាភាសដែលមានប្រភពមិនច្បាស់លាស់ពីបណ្តាញសង្គម និង បានចែករំលែករូបភាពទាំងនេះ តាមប្រព័ន្ធ WhatsApp និង Telegram អោយមនុស្សចំនួន៧នាក់ ។ ករណីនេះ ឈ្មោះ ឃន ឈុនតារា បានធ្វើលិខិតសុំទោស និង សន្យាថា មិនអោយករណីនេះកើតមានជាថ្មីម្តងទៀតឡើយ ៕

កាន់តែលម្អិតសូមអានសេចក្តីថ្លែងការណ៍នេះ បន្ថែមទៀត

You might like