ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំនុចផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០១ តាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពីបទ ឃាតកម្មគិតទុក ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា កម្លាំងជំនាញបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យតាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ឈ្មោះ រិទ្ធ សាយ ហៅ ម៉ម កិរិយា ភេទប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរជាងបាញ់ថ្នាំ (មានសារធាតុញៀន)។
ការអនុវត្តន៍តាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៣៨០ត.ព្រ/១៥ របស់ចៅក្រមជំនុំជម្រះលោក ឆែ វីរះ ចុះថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៥ ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅ ផ្ទះជួលជាន់ទី៣ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ខែសីហា ឆ្នាំ២០១៤ ៕