ភ្នំពេញ : អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធបដិសេធចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ គឹម សុខ មកលើ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃថាបានលក់ទីស្តីការក្រសួងមហាផ្ទៃ គឺជាការមិនពិត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ សារព័ត៌មាន The Cambodia Daily ដែលផ្សាយតាម ប្រព័ន្ធអនឡាញពីក្រៅប្រទេស និងតែងមានចេតនាទុច្ចរិត ក្នុងបំណងបម្រើឧបាយកលក្រុមឧទ្ទាមក ច្បាប់ បានធ្វើបទសម្ភាសន៍ជាមួយឈ្មោះ គឹម សុខ ដែលក្នុងកិច្ចសម្ភាសន៍នោះ គឹម សុខ បានប្រើប្រាស់ វោហារសព្ទចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថាបានលក់ទីស្តីការក្រសួងមហាផ្ទៃ ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់តាមអារម្មណ៍នេះ ដោយចាត់ទុកថា ការលើកឡើងរបស់អ្នកវិភាគសរសៃប្រសាទរូបនេះ គឺជាការវិភាគតាម ការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ ព្រោះគ្មានការបញ្ជាក់ពីប្រភពព័ត៌មាន ឬយក មូលដ្ឋានអ្វីមកជាសំអាងក្នុងការនិយាយនោះឡើយ ។ ការណ៍ដែលឈ្មោះ គឹម សុខ ចេះតែដើរនិយាយ បរិហារកេរ្ដិ៍មួលបង្កាច់គេឯងផ្តេសផ្តាស គឺជាចេតនាដ៏លាមក ដើម្បីញុះញង់ឲ្យមានការបែកបាក់ផ្ទៃក្នុងជាតិ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋដែលមានសតិសម្បជញ្ញៈ ចាត់ទុកសំដីរបស់ គឹម សុខ ជាសំដីប៉ប្លេចប៉ប្លូចឥតខ្លឹមសារ និងជាអ្នកវិភាគដែលមានជំងឺសរសៃប្រសាទ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្តថា សំដីស្អុយគគ្រុករបស់ គឹម សុខ នេះ ក៏ជាអ្វីដែលសារព័ត៌មាន The Cambodia Daily ដែលអះអាងខ្លួនថាជាសារព័ត៌មានអព្យាក្រឹតនោះ តែងនិយមយកមកផ្សព្វផ្សាយ ដែលបង្ហាញឲ្យឃើញនូវចរិត ជាសារព័ត៌មានមួយដែលខ្វះវិចារណញ្ញាណក្នុងវិជ្ជាជីវៈ ហើយតែងផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់បង្កអរិភាពដល់ នយោបាយ និងសន្តិសុខសង្គម ព្រមទាំងរំលោភយ៉ាងងងើលលើគោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងសង្គមប្រជាធិបតេយ្យ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងថា គ្មានការទិញ-លក់ទីស្តីការក្រសួងមហាផ្ទៃដូចសំដីដ៏ស្អុយគគ្រុករបស់ឈ្មោះ គឹម សុខ នោះទេ ។ ទីស្តីការក្រសួងមហាផ្ទៃនៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏គ្មាន និងមិនអាចមានទាល់តែសោះនូវការទិញ-លក់ ដូចការផ្សព្វផ្សាយបំផ្លើសនោះឡើយ ៕