មូលហេតុដែលលោកប៉េអឹម ស្រ៊ន ពេជ្ររស្មី ចាក់ប្រពន្ធរងរបួសធ្ងន់ គឺ ដោយសារខឹងប្រពន្ធសុំលែងលះ

កំពង់ធំ៖លោកអនុសេនីយ៍ទោ ស្រ៊ន ពេជ្ររស្មី អត្តលេខ១៥៩២១៨ មុខងារសមាជិកនៃកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅពេលនេះកំពុងត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពចាក់ប្រពន្ធជាច្រើនកាំបិត ព្រោះតែខឹងប្រពន្ធសុំលែងលះ ។

យោងតាមកងរាជអាវុធហត្ថ បានចេញផ្សាយថា «ការប្រព្រឹត្តអំពើល្មើសច្បាប់ មិនអាចលើកលែងឱ្យទេ ត្រូវតែធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមចាប់ខ្លួនបុគ្គលដែលប្រព្រឹត្តល្មើស»។

តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ឱ្យដឹងថា នៅវេលាម៉ោង៧៖៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី បានយកកាំបិតចុងស្រួចកាប់ទៅលើប្រពន្ធដែលបានលែងលះគ្នា តាមសាលក្រម របស់សាលាដំបូងខេត្តកំពង់ធំ បណ្តាលឱ្យរបួសចំនួន៥កន្លែង ។ មូលហេតុ គឺ ប្រចណ្ឌ ដោយសារខឹងប្រពន្ធសុំលែងលះ ។

ក្រោយពីទទួលបានព័ត៌មាន នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ បានតាមចាប់ឈ្មោះ ស្រ៊ន ពេជ្ររស្មី ដែលរត់គេចខ្លួនចូលព្រៃចម្ការ ហើយដោយភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ជាតំបន់សំបូរទៅដោយចម្ការស្វាយចន្ទីរ ចម្ការកៅស៊ូ និងព្រៃរបោះ ធ្វើឱ្យជនល្មើសគេចខ្លួនបាត់ ។

បញ្ហានេះ ផងដែរ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា «បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺ មិនអាចអត់ឱនឲ្យបាននោះទេ ពោលគឺ ត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន»៕

You might like