មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យកងទ័ពជួរមុខកំពុងបំពេញប្រតិបត្តិការយកសំណាក

(បន្ទាយមានជ័យ)ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយ លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥១ និង លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខ ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងបំពេញប្រតិបត្តិការ យកសំណាកជូនប្រជាពលរដ្ឋខែ្មរ និងជនបរទេស ស្ថិតនៅក្នុង ក្រុងប៉ោយប៉ែត ។

គួរកត់សំគាល់ថា ក្រុងប៉ោយប៉ែត នៅតែបន្តរកឃើញចំនួន នៃអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដោយមានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម អភិបាល ខេត្តបន្ទាយមានជ័យ បណ្តាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នចំណុះគណៈបញ្ជាការឯកភាពខេត្ត រួមគ្នាប្រយុទ្ធប្រឆាំង និងជំងឺដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា ស្ថាប័នកងកម្លាំងប្រដាប់អាវុធ បានប្តូរឯកសណ្ឋានពណ៌ស សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ចូលសមរភូមិមុខប្រយុទ្ធរួមមាន ៖តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កងពលតូចថ្មើជើងលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

លោក មេបញ្ជាការរង នាយរងសេនាធិការ យោធភូមិភាគទី៥ បានគូសបញ្ជាក់ថា កងកម្លាំង គឺបានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល បានធ្វើប្រតិបត្តិការរួមគ្នាដោយយកចិត្តទុកដាក់ ជួយពន្លឿនការយកសំណាក ដើម្បីជួយទប់ស្កាត់ និងកាត់ផ្តាច់អោយខានតែបាននៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅបណ្តាតំបន់ផ្សេងទៀត។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង បានថ្លែងកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយភាពទទួលខុសត្រូវ និងការលះបង់ខ្ពស់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាក្នុងកាលៈទេសៈដ៏លំបាកនេះដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ។

You might like