រោងចក្រមួយ នៅខណ្ឌមានជ័យ រកឃើញកម្មករឆ្លងជំងឺកូវីដ១៩ ជាង២០០នាក់

ភ្នំពេញ៖រោងចក្រ JH ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានកម្មករសរុបចំនួន៩៦៤នាក់ ។ ក្នុងនោះ ក្រុមគ្រូពេទ្យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៣៧នាក់ ។

ជាវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ , អាជ្ញាធរខណ្ឌមានជ័យ បានសម្រេចផ្អាកសកម្មភាពអាជីវកម្ម រោងចក្រមួយនេះ រយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ជាបណ្តោះអាសន្ន ។

នេះបើយោងតាមរបាយការណ៍ពីអាជ្ញាធរ ដែលទើបទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ ។

ជាមួយគ្នានេះ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង តំណាងក្រសួងការងារ ព្រមទាំងមន្ត្រីពាក់ព័ន្ធ ក៏បានចុះមកពិនិត្យនិងវាយតម្លៃរោងចក្រ JH នេះ ផងដែរ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការអំពាវនាវដល់បងប្អូន កម្មករ កម្មការិនី ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំងអស់ ត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និង បន្តអនុវត្តនូវវិធានការសុខាភិបាល និង វិធានការ ៣ការពារនិង៣កុំ របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត ៕

You might like