មន្ទីរសាធារណការ សូមចិត្តប្រជាពលរដ្ឋ ជួយកាយសំរាមមុខផ្ទះរៀងៗខ្លួន កុំទុកឱ្យកកស្ទះអណ្តូងលូ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរសាធារណការ រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលព្យុះភ្លៀងប៉ុន្មានថ្ងៃនេះ តំបន់ភូមិសាស្ត្រ៥ខណ្ឌ ក្នុងទីក្រុងត្រូវបានដោះស្រាយបញ្ហាទឹកលិចបានយ៉ាងល្អប្រសើរ។

ប៉ុន្តែក៏នៅមានបញ្ហាប្រឈមដោយទឹកភ្លៀងលិចនៅតំបន់មួយចំនួននៅខណ្ឌជាយក្រុង ដូចជា តំបន់ផ្លូវជាតិលេខ៤ ចោមចៅ តំបន់គោកបញ្ជាន់ តំបន់ទួលពង្រ តំបន់បឹងទំពុន តំបន់ផ្លូវជាតិលេខ ២ចាក់អង្រែ និងស្តុបម៉ុងឌីយ៉ាល់។

ដើម្បីដោះស្រាយបញ្ហាខាងលើ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរសាធារណការរាជធានីភ្នំពេញ បានបញ្ជូនក្រុមការងារចុះបូមស្តារបណ្តាញលូខាងលើ ដោយប្រើប្រាស់រថយន្តចំនួន ១៥គ្រឿង បន្ថែមពីលើសមត្ថភាពស្ថានីយ៍បូមទឹក បញ្ចញក្រៅក្រុងកើនឡើងចំនួន ៣ដង គួបផ្សំនឹងការកាយស្តារភក់ សំរាមតាមប្រឡាយមេចំនួន ១០ខ្សែដែលបានអនុវត្តរួចរាល់ថ្មីៗនេះ ធ្វើអោយការលិចលង់ដោយទឹកភ្លៀងមានរយៈពេលខ្លីប៉ុណ្ណោះ។

ជុំវិញបញ្ហាជន់លិចដងផ្លូវដោយសារតែជំនន់ទឹកភ្លៀង ក៏ដូចជាការដាក់ចេញនូវចំណាត់ការ ដោះស្រាយ ជាបន្តបន្ទាប់នេះ មន្ទីរសាធារណការរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដោយទទូចទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានលំនៅដ្ឋាននៅជាប់ដងផ្លូវទាំងអស់ សូមចូលរួមទុកដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេស មុនភ្លៀង ពេលភ្លៀង និងក្រោយភ្លៀង សូមជួយចូលរួមកាយសំរាមកកស្ទះមុខអណ្តូងលូ នៅមុខផ្ទះរៀងៗខ្លួន ដើម្បីចូលរួមកាត់បន្ថយកាត់បន្ថយការជន់លិចដោយសារតែបញ្ហាសំរាមកកស្ទះបណ្តាលឱ្យទឹកហូរមិនបានលឿន៕

You might like