តើពិតដូចពាក្យពលរដ្ឋថាដែររឺ សង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង​ នៅជ្រៃធំ មាននគរបាលថ្នាក់ឧត្ដមសេនីយ៍នៃស្នងការដ្ឋានខេត្តកណ្ដាល កាងពីក្រោយអញ្ចឹង​ បានអត់មានសមត្ថកិច្ចហ៊ានបង្រ្កាប

កណ្ដាល​ ៖​ ទីតាំងសង្វៀនជល់មាន់ និងល្បែងអាប៉ោងខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ (ហ្គ្រេនដ្រាយហ្គនរីសត) ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានភ្នាល់ទឹកប្រាក់ម្តងៗ រាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងការជល់មាន់មួយគូ និងអាប៉ោងមួយក្តា​ បន្តលេងជារៀងរាល់ថ្ងៃ​ (ថ្ងៃសៅរ៍ទី១៣ ខែវិច្ឆិការម្សិលមិញ​ ជល់រហូតដល់​ ៣០គូរ) ដោយសារតែអាងនគរបាលថ្នាក់ឧត្ដមសេនីយ៍នៃស្នងការដ្ឋានខេត្តកណ្ដាល កាងពីក្រោយអញ្ចឹង​ បានអត់មានសមត្ថកិច្ចហ៊ានបង្រ្កាបស្នងការ ខណៈការលេងនេះ មានការជួបជុំទ្រង់ទ្រាយធំស្រែកហោរកញ្ជ្រៀវដោយមិនខ្លាចអាជ្ញាធរ និងខ្លាចការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩នោះឡើយបើទោះបីប្រជាពលរដ្ឋអះអាងថា បានទៅប្តឹងអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសារ តែពុំទាន់មានវិធានការនៅឡើយរហូតដល់សព្វថ្ងៃនេះ។

បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងរស់នៅតំបន់នោះ​ បានឲ្យដឹងទៀតថា ពួកគាត់មានការភ័យខ្លាច ដោយមានរថយន្តទំនើបៗឆ្លងកាត់ជាច្រើនខុសប្រក្រតី ដោយពួកគាត់ព្រួយបារម្ភចំពោះកូនៗរបស់ពួកគាត់ដើរឆ្លងថ្នល់ ខណៈរថយន្តទាំងនោះបានបើកឆ្ពោះទៅកន្លែងតែមួយ ពោល គឺកន្លែង​ (ហ្គ្រេនដ្រាយហ្គនរីសត) ដែលគេដឹងថា លួចលែងល្បែងភ្នាល់មាន់ អាប៉ោង និងបៀខុសច្បាប់ទ្រង់ទ្រាយធំ។

មានការអះអាងថា មានអ្នកជាខ្នងបង្អែកនៅពីក្រោយ ទើបកន្លែងសង្វៀនជល់មាន់មួយកន្លែងនេះ​ ហ៊ានបើកដោយសេរី ដោយមិនខ្លាចទាំងឆ្លងមេរោគកូវីដ១៩ជាដើមនោះ។

ទាក់ទងការផ្តល់ព័ត៌មានពីពលរដ្ឋតំបន់នេះ មិនអាចសុំការបំភ្លឺពីលោក ស៊ឹម ឃាង អធិការស្រុកកោះធំបានទេ ដោយទូរស័ព្ទហៅមិនចូល។

តែទោះជាយ៉ាងនេះក្តី បងប្អូនប្រជាពលរដ្ឋបានស្នើទៅអជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យករណីនេះ ព្រោះបើនៅតែបន្តសកម្មភាពប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនទៀតនោះ ពួកគាត់ខ្លាចតែមានការឆ្លងរីករាលដាលមេរោគកូវីដ១៩​ នៅតំបន់នេះ ហើយអាជ្ញាធរ ឬក្រសួងសុខាភិបាលធ្វើការបិទ វានឹងរំខានដល់ការរកស៊ី និងការរស់នៅរបស់ពួកគាត់ទៀត ជាពិសេសខ្លាចមានការបិទសាលាបន្តទៀតដែលធ្វើ ឲ្យកូនៗរបស់គាត់មិនបានចូលរៀនទៀតនោះ។

យ៉ាងណាក៏ដោយ​ បងប្អូនប្រជាពរដ្ឋ​ និងមហាជន​ ស្នើរសុំឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្ដាល​ មេត្តាចាត់មន្ត្រីជំនាញ​ ចុះពិនិត្យនិងចុះធ្វើការបង្ក្រាប​ ដើម្បីចូលរួមទប់ស្កាត់ និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងតាមការណែនាំពីក្រសួងសុខាភិបាល ៣កុំ ៣ការពារជាដើមនោះ។

ប្រជាពលរដ្ឋ​ ក៏ដូចជាមហាជនសង្ឃឹមថា ទីតាំងសង្វៀនជល់មាន់ល្បែងស៊ីសងដុះស្លែដ៏ធំមួយកន្លែងនេះ​ នឹងបង្ក្រាបបានក្រោមការយកចិត្តទុកដាក់ ពីឯកឧត្តម អភិបាលខេត្តកណ្តាល បានជាក់ជាមិនខានដើម្បីភូមិឃុំមានសុវត្ថិភាព៕

You might like