សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានរដ្ឋមន្ត្រីខ្លះពេលសម្តេចបញ្ជូនសារទៅ៧ថ្ងៃ បានឆ្លើយតប

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា មានរដ្ឋមន្ត្រីខ្លះនៅពេលដែលសម្តេចបានផ្ញើសារចូលទៅក្នុងគ្រុបការងារ មានពេលខ្លះ ៧ថ្ងៃក្រោយទើបធ្វើការឆ្លើយតបនឹងសម្តេច និងមានមន្ត្រីខ្លះ ឆ្លើយតបបានលឿនរហ័ស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «មានមន្ត្រីខ្លះខ្ជិល ខ្ញុំចាំមើលមន្ត្រីខ្លះ ខ្ញុំនិយាយពីមន្ត្រីរបស់យើងបន្តិចចុះ ថ្នាក់រដ្ឋមន្ត្រីដែលបញ្ជូលក្នុងគ្រុប ពេលខ្ញុំបញ្ជូនសារចូលទៅក្នុងគ្រុបនឹង ជួនកាល ៧ថ្ងៃក្រោយបានឆ្លើយទទួលបាន សូមអរគុណ។ ប៉ុន្តែអ្នកខ្លះទៀតនិយាយពីលឿន ហើយលឿនេះជាងគេមានមនុស្ស ២នាក់ ទី១ បង ឯក សំអុល និងទី២ ឆាយ ថន លឿនជាងគេទាំងអស់ ដោយមិនទាន់បានមើលអត្ថន័យអីក៏ដោយ គាត់ឆ្លើយទទួលបានហើយ ប៉ុន្តែបើ កាញារីទ្ធ វិញ ជួនកាល ១៥ថ្ងៃក៏មាន»។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា រៀងរាល់ចុងខែនៅពេលដែលគយ និងពន្ធដារ បូកសរុបរួចហើយ សម្តេចគឺចាប់បញ្ជូនទៅក្នុងគ្រុបទី១ គឺគ្រុបអចិន្ត្រៃយ៍នៃគណបក្ស គ្រុបទី២ គឺគ្រុបរាជរដ្ឋាភិបាលដើម្បីឱ្យបានដឹងពីចំណូល ខណៈដែលកាលពីខែមីនា កម្ពុជាបានទទួលជាង ១ពាន់លានដុល្លារ ហើយនៅពេលដែលសម្តេចដាក់បញ្ជូលនិន្នន័យទាំងនោះចូលក្នុងគ្រុប អ្នកដែលចូលមើលក្រោយគេ គឺរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ តែម្តង។

បន្ថែមពីនេះសម្តេចតេជោ បានបញ្ជាក់ដែរថា ទោះបីជាមានមន្ត្រីខ្លះបានឆ្លើយតបសារយឺត តែក៏មានមន្ត្រីខ្លះ បានឆ្លើយតបសារលឿនរហ័ស ទោះបីជាមិនទាន់បានដឹងច្បាស់ថា ខ្លឹមសារនោះជាអ្វីក៏ដោយ គឺបានឆ្លើយតបរួចទៅហើយ ដែលមាន លោក ឆាយ ថន និង លោក ឯក សំអុល ដែលជាមន្ត្រីឆ្លើយតបរហ័សជាងគេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា នាពេលបច្ចុប្បន្ននេះបច្ចេកវិទ្យាលឿនណាស់ហើយត្រូវរៀនវា ហើយបើទោះបីជាបច្ចេកវាលឿនប៉ុណ្ណាក៏ដោយ ប៉ុន្តែបើមនុស្សមិនលឿនវានៅតែដដែលនឹង ចឹងបានជាសម្តេចដាក់ជាបញ្ហាឱ្យតែម្តង ឱ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យា ហើយសុំឱ្យចេះតែមួយស្មាតហ្វូនបានហើយ បានទទួលការតែងតាំងបាន ព្រោះសម័យនេះសម័យប្រើប្រាស់អ៉ីនធ័រណិតហើយ គេប្រើការទាក់ទងគ្នា តាមប្រព័ន្ធអ៉ីនធ័រណិត និងប្រើប្រាស់វិធីបញ្ជូនទៅតាមសារដែលចងក្រមជាក្រុម៕

 

 

You might like