ការបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូនបណ្ឌិត ហ៊ុន ម៉ាណែត មានសារៈសំខាន់ក្នុងការរៀបចំនាយទាហានបន្តវេនក្នុងវិស័យការពារជាតិ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការបំពាក់ឋានន្តរស័ក្តិជូន នាយឧត្តមសេនីយ៍ ជូនបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានសារៈសំខាន់ដ៏ចាំបាច់ក្នុងការរៀបចំនាយទាហានសម្រាប់បន្តវេន ក្នុងវិស័យការពារជាតិ ស្របតាមផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ។

ការលើកឡើងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញអធិបតីភាព បំពាក់ឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងបំពាក់ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» ជូនលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងពាក់ឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ឯក ជូនលោកស្រី ម៉ាលី សុជាតា ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត, លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តម្លើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្ដមសេនីយ៍» និងប្រគល់ឋានន្តរស័ក្តិ «នាយឧត្តមសេនីយ៍» និងឧត្ដមសេនីយ៍ឯក គឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបម្រើជាតិមាតុភូមិ កងទ័ព និងប្រជាជនកម្ពុជា។

នៅក្នុងឱកាសនេះ សម្តេចរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ ដាំ ដារីនី និងឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ដែលបានខិតខំប្រឹងប្រែងបំពេញ តួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្លួនប្រកបដោយឆន្ទៈ ឱងស្មារតីទទួលខុសត្រូវ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់នាពេលកន្លងមក។

សម្តេចពិជ័យសេនា ទៀ បានរំលឹកថា៖ «ខ្ញុំនៅចាំបានថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅដើមអាណត្តិទី៦ ក្រសួងការពារជាតិ បានរៀបចំពិធីបំពាក់ឋានន្តរស័ក្តិ និងតែងតាំងមុខតំណែងជូនឯកឧត្តម នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅវិមានសន្តិភាព។

នៅក្នុងរយៈពេល ០៥ឆ្នាំកន្លងទៅនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំអគ្គបញ្ជាការ និងដឹកនាំផ្ទាល់កងទ័ពជើងគោក បានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍអគ្គបញ្ជាការដ្ឋាន និងកងទ័ពជើងគោក សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ បានធ្វើឱ្យកងយោធពលខេមរភូមិន្ទ មានការរីកចម្រើនប្រែប្រួលគួរឱ្យកត់សម្គាល់ជាអាទិ៍ បានពង្រឹងតួនាទីសមត្ថភាពក្នុងការដឹកនាំ ការគ្រប់គ្រងកម្លាំងប្រកបដោយប្រសិទ្ធភាព ការកសាងអង្គភាព ការហ្វឹកហ្វឺនបណ្តុះបណ្ដាលធនធានមនុស្ស ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងលើគ្រប់វិស័យ ឆ្លើយតបទៅនឹងការប្រែប្រួលនៃបច្ចេកវិទ្យាទំនើប និងសភាពការណ៍វិវត្តន៍ថ្មីៗក្នុង ក្រៅតំបន់ និងអន្តរជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលរខមរភូមិន្ទ»។

ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការកោតសរសើរចំពោះនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបានខិតខំបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួនប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកធ្វើឱ្យប្រទេសជាតិ មានមោទនកភាព មានសន្តិភាព និងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ៕

You might like