ឯកឧត្តម នុត ពុធដារ៉ា ព្រមទាំងមន្ទីរជុំវិញខេត្ត បានប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សាចំនួន ៤០វត្ត ក្នុងស្រុកខ្សាច់កណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០​នេះ បានដឹកនាំ មន្ត្រីរាជការមន្ទីរជុំវិញខេត្ត និងអាជ្ញាធរស្រុកខ្សាច់កណ្ដាល មកប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សាចំនួន ៤០វត្ត ដែលពិធីនេះត្រូវប្រារព្ធធ្វេីឡេីងនៅ ក្នុងវត្តស្វាយជ្រំុ ​​ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម នុត ពុធដារ៉ា បានលេីកឡេីងថា បុណ្យចូលព្រះវស្សាគឺ ជាបុណ្យដែលមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវចូលវស្សាតាមពុទ្ធានុញ្ញាត រយៈពេល៣ខែជារៀងរាល់ឆ្នាំ គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ ថ្ងៃ១៥កើត ខែអស្សុជ ហើយក្នុងអំឡុងពេលចូលវស្សាព្រះសង្ឃគឺពុំអាចនិមន្ត ចេញពីវត្ត និងបិណ្ឌបាតដូចធម្មតាបានឡើយ ពោលគឺជាពេលមួយសម្រាប់ព្រះសង្ឃត្រូវសិក្សារៀនសូត្រធម៌វិន័យ ដូច្នេះពុទ្ធបរិស័ទមានតួនាទីសំខាន់ណាស់ក្នុងការទំនប់បម្រុងចង្ហាន់ សម្ភារៈប្រើប្រាស់ ស្បង់ជីវរ និងភេសជ្ជៈជាដើមសម្រាប់ប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លា។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ការប្រារព្ធធ្វើពិធីនេះបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍន៍ទាំងផ្នែកអណាចក្រ និងផ្នែកពុទ្ធចក្រ គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

ឯកឧត្តមអភិបាលរងខេត្តក៏បាន ស្នើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្ដាល ត្រូវរួមគ្នាបន្តចូលរួមថែរក្សា និងការពារសុខសន្តិភាពនេះឲ្យបានគង់វង្ស ជាមួយរដ្ឋាភិបាល ដើម្បីភាពរីកចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ប្រទេសជាតិទាំងមូល ពីព្រោះសុខសន្តិភាពគឺមានសារៈសំខាន់ខ្លាំងណាស់មានសន្តិភាព ទើបមានការអភិវឌ្ឍ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្តក៏បានធ្វើការក្រើនរំលឹក ឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការ ពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយគោរព និងអនុវត្តឱ្យខ្ជាប់ខ្ជួន នូវគោលការណ៍ និងវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

ក្នុងពិធីនេះដែរ ព្រះគ្រូចៅអធិការវត្តស្វាយជ្រុំ ព្រះឃោសធម្មលន់ សុគន្ធា ព្រះវិន័យធម៌មេគុណខេត្តកណ្ដាល និងជាព្រះអនុគណស្រុកខ្សាច់កណ្ដាល បានសម្តែងនូវការស្វាគមន៍ចំពោះទឹកចិត្តរបស់ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការទាំងអស់ដែលមានសិទ្ធាជ្រះថ្លា នាំយកទៀនវស្សា និងទេយ្យវត្ថុ មកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តទាំង៤០ ក្នុងស្រុកខ្សាច់កណ្ដាល ដែលបានបង្ហាញពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បី​ព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យព្រះ​សម្មា​សាម្ពុទ្ធ ព្រះបរមគ្រូ ក្នុងឱកាសព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា។

សូមបញ្ជាក់ថា​ ទៀនព្រះវស្សា និងទេយ្យវត្ថុ ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ទាំង៤០វត្តនោះ ក្នុងមួយវត្តៗទទួលបានអង្ករ ៥០គីឡូក្រាម ទៀនវស្សា ១គូរ ស្លាដក ១ និងថវិកា ៤០ ម៉ឺនរៀល៕

You might like