អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពលក់ដូរក្នុងផ្សារមេមត់ និងដោះស្រាយបញ្ហាប្រឈមចាំបាច់ជូនអាជីវករ

ឆ្លើយតបនឹងបញ្ហាប្រឈម និងសំណូមពរ របស់អាជីវករក្នុងផ្សារមេមត់ លោក ជាម ច័ន្ទសោភ័ណ បានទទួលសំណើរ និងដោះស្រាយជូនភ្លាមៗ ដោយចាត់ឲ្យមន្ត្រីជំនាញរដ្ឋបាលខេត្ត រួមជាមួយមន្ទីរជំនាញ អាជ្ញាធរស្រុក និងម្ចាស់ផ្សារដែលដេញថ្លៃបាន ត្រូវពិនិត្យពិភាក្សារួមសហការអនុវត្តន៍អោយខានតែបាន។

ក្នុងនោះលោក អភិបាលខេត្ត បានកំណត់ឲ្យស្ដារប្រព័ន្ធលូ ក្នុងមួយឆ្នាំចំនួន៣ដង ដើម្បីបញ្ចៀសទឹកកុំឲ្យជន់លិចផ្សារនៅពេលភ្លៀងខ្លាំង, រៀបចំបញ្ហាអនាម័យ ឲ្យបានត្រឹមត្រូវ ការប្រមូលសំរាមជាទៀងទាត់ ពិសេសត្រូវប្រមូលនាពេលយប់ ដើម្បីកុំឲ្យមានការកកស្ទះប៉ះពាល់ការជួញដូររបស់អាជីវករ, រៀបចំឲ្យមានសណ្ដាប់ធ្នាប់ ដោយកំណត់ទីតាំងលក់ និងការដាក់លក់ឲ្យបានត្រឹមត្រូវ, បានរៀបចំឲ្យធ្វើផ្លូវបេតុងជុំវិញផ្សារ ពង្រីកផ្លូវក្នុងផ្សារ ពង្រឹងសន្តិសុខយាមកាមនៅពេលយប់, មួយចំណុចចុងក្រោយនោះ លោកឯកភាព លើសំណូមពរជួសជុលដំបូលផ្សារឡើងវិញ កុំឲ្យមានលិចស្រក់នៅពេលភ្លៀងធ្លាប់ ប៉ុន្តែអាជីវករទាំងអស់ ត្រូវស្រុះស្រួលគាំទ្រជួសជុលទាំងអស់គ្នា ដោយសម្លេងឯកភាព១០០% ដើម្បីបញ្ជៀសនូវការកេងចំណេញនយោបាយ ពីក្រុមអគតិមួយចំនួន។

បន្ថែមលើសពីនេះ អ្វីដែលធ្វើឲ្យអាជីវករទាំងអស់កាន់តែរីករាយ និងត្រេកអរជាងនេះទៅទៀតនោះ លោកអភិបាលខេត្ត នៅរង់ចាំទទួលដោះស្រាយបញ្ហាទាំងអស់ ជូនអាជីវករ គឺអាចទាក់ទងមកលោកផ្ទាល់, រៀបចំឲ្យមានគណៈកម្មការជ្រើសរើសឲ្យមាននូវតំណាងអាជីវករ, ហាមដាច់ខាតមិនឲ្យមានការយកថ្លៃ ភាស៊ីលើសពីសៀវភៅបន្ទុក ជាពិសេសដំណើរការដេញថ្លៃម្ចាស់ផ្សារលើកក្រោយ មន្ទីរជំនាញត្រូវរៀបចំឲ្យម្ចាស់ផ្សារដែលដេញថ្លៃបាន ទទួលខុសត្រូវទាំងកញ្ចប់ នៅះគឺទាំងអនាម័យ សន្តិសុខយាមកាម និងសណ្តាប់ធ្នាប់ ចំណែកឯផ្សារដ៍ទៃទៀតទូទាំងខេត្តត្រូវអនុវត្តដូចគ្នា ហើយបើធ្វើមិនល្អទេនោះ ឆ្នាំក្រោយមិនឲ្យដេញថ្លៃបន្តជាដាច់ខាត។

លោកក៏បានបង្ហាញទស្សនៈវិស័យ លើការពង្រីកផ្សារឲ្យល្អ ជាផ្សារទំនើប មានស្តង់ដារ មានអនាម័យល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលមកទិញរបស់របរ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ជួយបង្កើនការលក់ដូររបស់អាជីវករ លើកកម្ពស់ជីវភាព តែអនុវត្តន៍បែបនេះបាន ទាល់តែមានការចូលរួមយល់ស្រប ពីអាជីវករទាំងអស់ផងដែរ៕

You might like