កំពង់ចាម៖ដើម្បីឲ្យដឹងច្បាស់អំពីសុខទុក្ខ និងការប្រកបរបររកស៊ី លក់ដូរប្រចាំថ្ងៃ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗរបស់បងប្អូនអាជីវករយើង នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងកំពង់ចាម រួមនិងក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពលក់ដូររបស់បងប្អូនអាជីវករ នៅផ្សារបឹងកុក ផ្សារធំ និងផ្សារសាមគ្គី ក្នុងក្រុងកំពង់ចាម។
ក្នុងដំណើរចុះសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពនៃការប្រកបរបរលក់ដូរប្រចាំថ្ងៃរបស់បងប្អូនអាជីវករ និងដេីម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនអាជីវករ ឯកឧត្តមអភិបាលខេត្ត សម្រេចផ្ដល់ការសាងសង់ដំបូលថ្មីបន្ថែម ដល់ផ្សារ បឹងកុក និងផ្សារធំ តបតាមការសំណូមពររបស់បងប្អូនអាជីវករជីវករ ដោយសំណង់ខាងលើនិងច្បាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តកំពង់ចាម។
ទាំងបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលមកទិញទំនិញនៅផ្សារទាំងពីរ បានសម្តែងនូវការសាទរចំពោះឯកឧត្តមអភិបាលខេត្តដែលបានគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនអាជីវករទាំងពីរផ្សារ និងសូមគោរពថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ដែលបានផ្តួចផ្តើមការសាងសង់ដំបូលផ្សារទាំងពីរនេះឡើង។
សូមជម្រាបថា! ដោយមើលឃើញពីការលំបាករបស់បងប្អូនអាជីវករទាំងពីរផ្សារ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់ ឯកឧត្តមអភិបាលខេត្តបានអនុញ្ញាតឲ្យមន្ត្រីជំនាញសិក្សា និងរៀបចំការសាងសង់ដំបូលផ្សារទាំងពីរមាន ទំហំ ១០.៣៨០ម៉ែត្រការ៉េ (ក្នុងនោះផ្សារបឹងកុក ទំហំ ៤.០០០ម៉ែត្រការ៉េ និងផ្សាធំកំពង់ចាម ទំហំ៦.៣៨០ម៉ែត្រការ៉េ) ដើម្បីកែលំអរបរិយាកាសនៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ទាំងអាជីវករ និងបងប្អូនប្រជាពលរដ្ឋ៕