ចែកដើមស្លា ដើមយិតថោ និងដើមឥន្ទនេល ប្រមាណ៣០០ដើម ជូនដល់អ្នកភូមិព្រះដាក់ ដើម្បីដាំលម្អតាមមុខរបងផ្ទះរបស់ពួកគាត់ដោយខ្លួនឯង

សៀមរាប៖ ដើម្បីបន្ថែមសោភ័ណភាពថ្មី តែក្នុងន័យវិលទៅរកអត្តសញ្ញាណចាស់នៃភូមិព្រះដាក់មកវិញ៖ ចែកដើមស្លា ដើមយិតថោ និងដើមឥន្ទនេល ប្រមាណ៣០០ដើម ជូនដល់អ្នកភូមិព្រះដាក់ ដើម្បីដាំលម្អតាមមុខរបងផ្ទះរបស់ពួកគាត់ដោយខ្លួនឯ។

ជាផ្នែកមួយនៃបេសកម្មអភិរក្សភូមិបុរាណនៅក្នុងតំបន់បេតិកភ័ណ្ឌមួយនេះ ឱ្យរក្សាបាននូវអត្តសញ្ញាដើមនៃទម្លាប់រស់នៅរបស់ខ្លួនតាមបែបជនបទ និងបង្កើតគុណតម្លៃនៃភាពទាក់ទាញខាងផ្នែកទេសចរណ៍ រដ្ឋបាលស្រុកកំពុងសហការជាមួយអាជ្ញាធរភូមិឃុំ សប្បុរសជន អ្នកស្ម័គ្រចិត្តសង្គម និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកភូមិខ្លួនឯងផ្ទាល់ ដើម្បីប្រែក្លាយភូមិព្រះដាក់ឱ្យទៅជាភូមិគំរូប្រចាំស្រុកបន្ទាយស្រី។ ចង្កោមសកម្មភាពជាច្រើននៃផែនការ”យុទ្ធសាស្ត្រភាពជាគំរូ” កំពុងត្រូវបានយកមកអនុវត្តបណ្តើរៗនៅទីនេះ ក្នុងនោះរួមមានការជម្រុញឱ្យរស់នៅស្អាត ការស្វ័យគ្រប់គ្រងលើបញ្ហាសំរាម ការតម្រង់ទិសខាងផ្នែកមុខរបរនិងជីវភាព ក៏ដូចជាចលនាប្រឡងប្រណាំងផ្ទះស្អាតជាដើម។

ការអភិវឌ្ឍមិនទាមទារឱ្យមានទំនើបកម្មគ្រប់ពេលនោះទេ។ ខ្ញុំពិតជាចង់ឃើញអ្នកព្រះដាក់រឹតតែច្រើនមានមោទកភាពចំពោះអ្វីដែលខ្លួនមាន ស្ញប់ស្ញែងនឹងកេរដំណែលចាស់ និងបង្កើតភាពអស្ចារ្យតាមរយៈការមិនផ្លាស់ប្តូរអត្តសញ្ញាណ។ “បុរាណមិនយឺត សម័យមិនបរទេស” គួរតែជាអ្វីដែលអ្នកព្រះដាក់គ្រប់ៗគ្នាតោងធ្វើឱ្យបាន។
#ព្រះដាក់ភូមិគំរូ| #២០២០បន្ទាយស្រីស្អាត៕

You might like