ល្បែងស៊ីសងអនឡាញ ល្បែងបាញ់ត្រី ដុះស្លែ១កន្លែងខ្នងក្រាស់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត អាជ្ញាធរមិនបង្ក្រាប

ខេត្តបន្ទាយមានជ័យ៖ សេចក្តីរាយការណ៍ឲ្យដឹងថា មានទីតាំងបើកលេងល្បែងស៊ីសងអនឡាញ ល្បែងបាញ់ត្រី ខុសច្បាប់មួយកន្លែង នៅចំណុចជាប់បរិវេណ អាងហែលទឹក លោក អ៊ុយ ឆាយ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកទទួលភ្ញៀវចេញចូលយ៉ាងគគ្រឹកគគ្រេង មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចសង្កាត់ និង ក្រុងប៉ោយប៉ែត។
ប្រភពពីអ្នករស់នៅម្តុំនោះឲ្យដឹងថា បនល្បែងនេះមិនទាន់ស្គាល់ថាម្ចាស់ឈ្មោះអីទេ គ្រាន់តែដឹងថា អ្នកនៅពីក្រោយខ្នង គឺជាសមត្ថកិច្ចមានអំណាចតំបន់នោះ ទើបអាចបើកដំណើរការរលូនបែបនេះ ដែលប្រឆាំងនឹង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និង សេចក្តីណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានបញ្ជាឲ្យបិទ ល្បែងអនឡាញគ្រប់ប្រភេទ។

ប្រជាពលរដ្ឋសំណូមពរដល់ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និង ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលទើបឡើងកាន់ដំណែងថ្មីៗ មេត្តាចាត់កម្លាំងជំនាញដើម្បីមានចំណាត់បង្ក្រាបល្បែងស៊ីសងខាងលើនេះផង ព្រោះអីពលរដ្ឋភ័យខ្លាច វាជាប្រភពបង្កើតអោយមានអសន្តិសុខសង្គម បទល្មើសលួច ឆក់ប្លន់ គ្រឿងញៀន អំពើហិង្សាកើតមានជាហូរហែរ ដែលកើតចេញពីការចាញ់ល្បែងស៊ីសងខុសច្បាប់ខាងលើនោះ។
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕

You might like