(ភ្នំពេញ)៖ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ១៤១ថ្ងៃ បានបណ្តាលឱ្យមនុស្សចំនួន ៥៩០នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលជាង ១.៨០០នាក់ និងត្រួតពិនិត្យផាកពិន័យយានយន្តជាង១៧ម៉ឺនគ្រឿង។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងកាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២០ នេះថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១៤១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ បានកើតឡើង ១.១៨១លើក ។ស្លាប់មនុស្សចំនួន ៥៦០នាក់ របួសចំនួន ១.៨៦៥នាក់ ក្នុងនោះរបួសធ្ងន់ ១១១៣នាក់។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កើតឡើងចំនួន ៩លើក ស្លាប់ម្នាក់និងរបួសចំនួន ១៦នាក់ ក្នុងនោះរបួសធ្ងន់ ១២នាក់។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តថាសម្រាប់លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ១៤១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ១៧១.៨៨០គ្រឿង។ក្នុងនោះម៉ូតូមានចំនួន ១២៧.៣៩១គ្រឿង និងរថយន្តមានចំនួន ៤៤.៤៨៩គ្រឿង (រថយន្តតូច ៣៨.២២៩គ្រឿង និងរថយន្តធំ ៦.២៦០គ្រឿង)។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ស្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕