កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ក្របួចបានជនជាតិចិន២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិនដូចគ្នា,,,

(ខេត្ដព្រះសីហនុ​)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចិន ចាប់ជំរិតចិនដូចគ្នា ដោយឃាត់ខ្លួនជនសង័្សយចំនួន២នាក់ ហើយរំដោះជនរងគ្រោះបានម្នាក់ កាលពីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅកាស៊ីណូខ្សាច់មាសអន្តជាតិ ស្ថិតក្នុងភូម៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តលោក សៀង សុខ ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយចំនួន២នាក់ រួមមាន ទី១-ឈ្មោះ WAING AI MING ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនអ៊ោនធើរណេត ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ និងទី២-ឈ្មោះ ទូច សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។

លោកមេបញ្ជាការ បានបន្ដថា ក្រៅពីឃាត់ខ្លួនជនសង័្សយនោះ សមត្ថកិច្ចក៏បានរំដោះខ្លួនជនរងគ្រោះម្នាកើ ឈ្មោះ CAI CHANGCHUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ០១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ដោយឡែកវត្ថុតាងដែលរឹបអូសបាន រួមមាន ១-ទូរស័ព្ទដៃចំនួន៤គ្រឿង, ២-ប័ណ្ណបើកបរ១សន្លឹក, ៣-អត្តសញ្ញាណជនជាតិខ្មែរ១សន្លឹក, ៤-កាតផ្សេងៗចំនួន១៤សន្លឹក, ៥-ប្រាក់ដុល្លារអាមេរិកចំនួន៦ដុល្លារ, ប្រាក់រៀលចំនួន ១៥០០០រៀល, ៦-កាបូបលុយមនុស្សប្រុស១, ៧-រថយន្ត១គ្រឿង ម៉ាក LEXUS RX 330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-3936។

ក្រោយពេលបង្រ្កាប សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង័្សយទៅកាន់បញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តព្រះសីហនុ ដើម្បីសាកសួរនាំ និងបន្តចាត់ការតាមផ្លូវច្បាប់៕

You might like