(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ នេះរដ្ឋបាលខណ្ឌចំការមនបានប្រកាសឲ្យដឹងថា មានជនខិលខូចមួយរូបដែលមិនស្គាល់បុណ្យ និងបាបបានដើរបោកបញ្ឆោត និងដើររៃអង្គាសបច្ច័យដើម្បីចូលបុណ្យសពឪពុករបស់អភិបាលខណ្ឌ និងកុហកថា ធ្វើតាមបញ្ជាររបស់អភិបាលខណ្ឌទៀតផង ។
យ៉ាងណាមិញ រដ្ឋបាលខណ្ឌចំការមន បានប្រកាសជូនដំណឹងដល់សាធារណៈជន ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ថាកាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឧបាសក ទុយ ធិន ត្រូវជាឪពុកបង្កើតរបស់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានទទួលមរណៈភាព ដោយរោគាពាធ ហើយជាមួយគ្នានេះ ផេករបស់រដ្ឋបាលខណ្ឌចំការមន ដែលមានឈ្មោះថា « រដ្ឋបាលខណ្ឌចំការមន » ក៏បានធ្វើការផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីមរណៈទុក្ខនេះ ដើម្បីអោយញាតិមិត្តជិតឆ្ងាយនៃសពបានជ្រាប។ប្រភពដដែលបានបន្តថា «ប៉ុន្តែផ្ទុយទៅវិញ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ មានជនខិលខូចបានឆ្លៀតឱកាសនេះកេងយកផលចំណេញផ្ទាល់ខ្លួនដើររៃអង្គាសបច្ច័យ ដើម្បីចូលបុណ្យសព ដោយបាននិយាយថា ធ្វើទៅតាមការណែនាំរបស់លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន នៅតាមលំនៅដ្ឋាន ទីតាំងអាជីវកម្ម និងក្រុមហ៊ុនឯកជននានាក្នុងមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌចំការមន» ។
រដ្ឋបាលខណ្ឌចំការមន បានបន្តថា «ចំពោះសកម្មភាពខាងលើនេះ រដ្ឋបាលខណ្ឌចំការមន សូមធ្វើការច្រានចោល និងបដិសេធទាំងស្រុង ព្រមទាំងថ្កោលទោសចំពោះទង្វើរដ៏ថោកទាបរបស់ជនខិលខូចដែលបានយកឆ្លៀតឱកាសយកមរណៈទុក្ខនេះមកកេងយកប្រយោជន៍ផ្ទាល់ខ្លួន ហើយជាមួយគ្នានេះផងដែរ សូមជម្រាបជូនថា ទាំងរដ្ឋបាលខណ្ឌចំការមន ក៏ដូចជាលោកអភិបាលខណ្ឌពុំបានចាត់មន្ត្រី ឬបុគ្គលណាមួយអោយដើររៃអង្គាសបច្ច័យ ដើម្បីចូលបុណ្យសពរបស់ឪពុកលោកនោះទេ» ៕