សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌលតម្កល់ព្រះបរមរូប ស្ថិតនៅសួនច្បារវិមានឯករាជ្យ រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌលតម្កល់ព្រះបរមរូប ស្ថិតនៅសួនច្បារវិមានឯករាជ្យ រាជធានីភ្នំពេញ

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ​ ព្រះ​បរម​រតនកោដ្ឋ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញនិងយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មា៩០ព្រះវស្សា។ ការយាងសោយទិវង្គតរបស់ព្រះអង្គបានក្លាយមហាទុក្ខសោកប្រកបដោយសេចក្ដីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានរបស់សម្ដេចព្រះមហាក្សត្រិយ៍ ព្រះករុណាព្រះមហាក្សត្រ ព្រះញាតិវង្សានុវង្ស និងប្រជារាស្រ្តខ្មែរជាកូនចៅ ចៅតួត និងមិត្តបរទេស។

ព្រះរាជស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលប្រជារាស្ត្រខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចជារៀងរហូតនោះ គឺព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនប្រជាជាតិខ្មែរពីនឹមអាណានិគមបារាំង រហូតទទួលបានជោគជ័យនូវឯករាជ្យទាំងស្រុង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ព្រះអង្គបានបន្តព្រះរាជកិច្ចដឹកនាំប្រទេសក្នុងសម័យសង្គមរាស្ត្រនិយម ធ្វើឲ្យមាតុភូមិកម្ពុជាស្គាល់ការរីកចំរើន និងភាពស៊ីវិល័យយ៉ាងឆាប់រហ័ស ដោយទទួលបានការសាទរទាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ។

  1. ជាកិច្ចតបស្នងព្រះមហាករុណាទិគុណ និងព្រះទសពិធរាជធម៌ដ៏ថ្លៃថ្លាវិសេសវិសាលរបស់ព្រះអង្គ រាជរដ្ឋាភិបាល បានសម្រេចកំណត់យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃកាន់បុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខនៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ ដោយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេសតែងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌប ឬប្រសាទតូចតម្កល់ព្រះបរមរូបស្ថិតនៅសួនច្បារវិមានឯករាជ និងនៅតាមក្រសួង ស្ថាប័ន អង្គភាព វត្តអារាម និងមណ្ឌលសាសនានានា ៕

You might like