កឋិនសាមគ្គីកងរាជអាវុធហត្ថ ប្រមូលបច្ច័យបានជាង៤០០លានរៀល ក្នុងនោះថវិកាចំនួន១២០លានរៀល បានយកចូលរួមជួយប្រជាពលរដ្ឋក្នុងគ្រោះជំនន់ទឹកភ្លៀង

កណ្តាល ៖ នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ស្រី ហ៊ាញ ព្រមទាំង ពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញដង្ហែរអង្គកឋិនទានសាមគ្គី កងរាជអាវុធហត្ថ ទៅកាន់វត្តទេពវង្សី ដែលស្ថិតនៅក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាតែន ស្រុកពញាឮ ខេត្តកណ្តាល។ ការដង្ហែកឋិនទានប្រទក្សិណបីជុំ និងវេរប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

បុណ្យកឋិនទានដែលផ្តួចផ្ដើមដោយលោក នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ បានប្រគេនទេយ្យវត្ថុចង្ហាន់ និងប្រមូលបច្ច័យបានចំនួន៤២៧,៥៧៥,០០០៛ (បួនរយម្ភៃប្រាំពីរលានប្រាំរយចិតសិបប្រាំពាន់រៀលគត់) វេរប្រគេនព្រះសង្ឃ និងបានមូលមតិគ្នាជាឯកច្ឆ័ន្ទយកថវិកាមួយចំណែក ចំនួន១២០លានរៀល ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង៕ដោយ សហការី

You might like