ក្រុមអ្នកតវ៉ាថៃប្តេជ្ញាថានឹងវិលត្រឡប់មកតាមផ្លូវវិញបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីយប់ថ្ងៃសុក្រ!

CNA៖ក្រុមបាតុករថៃបាននិយាយនៅថ្ងៃសៅរ៍ទី ១៧ ខែតុលានេះ ថាពួកគេនឹងប្រឆាំងនឹងក្រឹត្យបន្ទាន់មួយដែលហាមប្រាមការប្រមូលផ្ដុំគ្នារយៈពេល ៣ ថ្ងៃជាប់ៗគ្នាបន្ទាប់ពីការប្រឈមមុខគ្នា នៅយប់មុនឃើញប៉ូលីសបង្ក្រាបកុបកម្មប្រើកាណុងបាញ់ទឹកទៅលើសកម្មជនវ័យក្មេងភាគច្រើន។

ក្រុមបាតុករប្រមាណ ៣០០០ នាក់នៅក្នុងសង្កាត់ផ្សារធំនៃទីក្រុងបាងកក បានទាមទារឱ្យមានការដោះលែងអ្នកតវ៉ាដែលត្រូវបានចាប់ខ្លួន ហើយអ្នកខ្លះបានស្រែកជេរប្រមាថប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចា មុនពេលពួកគេត្រូវបានបំបែកដោយប៉ូលីស។

ដោយឡែក យុវជនសេរីដែលជា(ក្រុមអាវខ្មៅ)ក្នុងចំនោមក្រុមតវ៉ាធំៗ នៅព្រឹកថ្ងៃសៅរ៍នេះ បានអំពាវនាវអោយអ្នកគាំទ្ររបស់ខ្លួនវិលត្រឡប់មកតាមផ្លូវវិញនៅពេលក្រោយ។

ចលនាដឹកនាំដោយយុវជននេះ បានធ្វើឱ្យប៉ះពាល់ដល់ឥស្សរជននយោបាយរបស់ព្រះរាជាណាចក្រ ជាមួយនឹងការទាមទាររបស់ខ្លួនឱ្យរដ្ឋាភិបាលចុះចេញពីតំណែង និងកំណែទម្រង់នៃរបបរាជានិយមដែលមិនមានពីមុនមក។

យ៉ាងណាមិញ ព្រះមហាក្សត្រដែលមានទ្រព្យសម្បត្ដិច្រើនលើសលប់ និងមានអំណាចនៅក្នុងដៃ មិនបានដោះស្រាយភាពវឹកវរស៊ីវិលដោយផ្ទាល់ទេ ប៉ុន្តែក្នុងពិធីមួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃសុក្របានរំលឹកប្រជាជនថា ប្រទេសថៃ “ត្រូវការតែមនុស្សដែលស្រឡាញ់ជាតិ និងអ្នកស្រឡាញ់ស្ថាប័នរាជាធិបតេយ្យ”។

ក្រុមមេធាវីសិទ្ធិមនុស្សថៃបានប្រាប់ AFP ថាសកម្មជន ៦៥ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃអង្គារ ក្នុងនោះមានឥស្សរជនលេចធ្លោ ៩នាក់នៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យផងដែរ។

ទោះជាយ៉ាងក៏ដោយ លោកប្រាយុទ្ធ ដែលជាអតីតមេខ្លោងរដ្ឋប្រហារកាលពីឆ្នាំ២០១៤ បានបន្ថែមក្រឹត្យបន្ទាន់មួយដែលហាមប្រាមការប្រមូលផ្តុំមនុស្សច្រើនជាង ៤ នាក់រហូតដល់ពាក់កណ្តាលខែវិច្ឆិកា ដោយមិនអើពើនឹងការអំពាវនាវរបស់សកម្មជនដែលសុំឱ្យលោកចុះចេញពីតំណែងនោះទេ។

ជាមួយគ្នានោះ គណបក្សប្រឆាំង(ភឿថៃ)បានអំពាវនាវឱ្យរដ្ឋាភិបាលដកវិធានការបន្ទាន់ និងដោះលែងអ្នកដែលត្រូវបានឃុំខ្លួន។

នៅថ្ងៃសៅរ៍នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សថៃបានព្រមានក្រឹត្យបន្ទាន់នេះថា បានផ្តល់ឱ្យប៉ូលីសនូវភ្លើងបៃតងដើម្បីរំលោភបំពានសិទ្ធិមនុស្ស ដោយនិទណ្ឌភាព និងបានអំពាវនាវឱ្យមានការថ្កោលទោសជាអន្តរជាតិ៕

You might like