កំពង់ឆ្នាំង ៖ព្រោះតែជីវភាពខ្វះខាត់ ទើបបងប្រុកម្នាក់បង្ខំចិត្តចាប់អាជីពជាអ្នកឡើងត្នោត ជាអកុសលស្រាប់តែគាត់ធ្លាក់ពីចុងត្នោតស្លាប់ភ្លាមៗ នៅនិងកន្លែង ខណៈកំពុងដើរឆ្លងពីដើមត្នោតមួយទៅដើមមួយទៀត។
ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា បុរសជាជនរងគ្រោះឈ្មោះ ប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាអ្នករកស៊ីឡើងត្នោត ដើម្បីយកទឹកត្នោតលក់។
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះ បានទៅឡើងត្នោតដូចសព្វដង។ ក្នុងខណៈពេលដែលជនរងគ្រោះកំពុងដើរតាមស្នួរដើមឬស្សី ឆ្លងទៅដើមមួយទៀត ក៏បណ្តាលឲ្យបាក់ ធ្លាក់ជនរងគ្រោះមកដី និងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យសព និងបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើដើមត្នោតពិតប្រាកដ ហើយបានប្រគល់សព ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕