រថយន្តបែនដឹកថ្មបើកបុកបុរសម្នាក់ផ្ទប់ជាមួយរថយន្តមួយគ្រឿងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ,,,

ភ្នំពេញ៖ រថយន្តបែនដឹកថ្ម១គ្រឿងបានបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយបុរសម្នាក់ដែលកំពុងជិះម៉ូតូរុញខ្ទាតបោកផ្ទប់ជាមួយរថយន្តដឹកសុីម៉ង់ត៍១គ្រឿងទៀតដែលកំពុងឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូបែកក្បាលនិងបែកមួកសុវត្ថិភាពធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងកាលពីវលាម៉ោង៧ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅតាមផ្លូវព្រៃស ស្ថិតនៅក្នុងភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ជឹម នឹត អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិស្លែង ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខកណ្ដាល1I-3960 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។

លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តបែនយីឌុបដឹកថ្ម១គ្រឿងម៉ាកហុីយ៉ាន់ដាយពណ៍ក្រហមឆ្នូតលឿងពាក់ស្លាកលេខភ្នំពេញ3B-6315 បើកបរក្នុងទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿនទៅដល់បុកពីក្រោយពេញទំហឹង ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះបណ្ដាលឲ្យរុញខ្ទាតបោកផ្ទប់ជាមួយរថយន្តដឹកសុីម៉ង់ត៍១គ្រឿងទៀតម៉ាកហុីយ៉ាន់ដាយពណ៍ទឹកក្រូចពាក់ស្លាកលេខភ្នំពេញ3E-0707 ដែលកំពុងឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យជនរងគ្រោះបែកមួកសុវត្ថិភាពនិងបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តទាំង២គ្រឿងបានរត់គេចខ្លួនបាត់ស្រមោល បន្ទាប់មកនគរបាលប៉ុស្តិ៍ព្រៃសនិងនគរបាលចរាចរណ៏ខណ្ឌដង្កោបានចុះទៅធ្វើការសម្រួលចរាចរណ៏និងរាយការណ៏ជូននគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់។

ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សហការី

You might like