ការប្រកួតប្រណាំងទូកខ្នាតតូច អបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក នៅតំបន់ស្កាយលែន 7NG ត្រូវបានបិទបញ្ចប់

ខេត្តកណ្ដាល÷ សម្រាប់ខេត្តកណ្ដាលក្នុងរយៈពេលឈប់សម្រាក ៣ថ្ងៃនៃព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៤៨៤៣១នាក់ ក្នុងនោះភ្ញៀវទេសចរណ៍បរទេសប្រមាណ ៦៥ នាក់ ដែលកត្តានេះបានជួយជំរុញឲ្យមានកំណើនទេសចរណ៍ក្នុងស្រុក និងធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជានៅតែដើរបន្តដំណើរទៅមុខប្រកបដោយភាពវិជ្ជមាន។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ដូច្នេះនៅក្នុងពិធីបិទការប្រកួតប្រណាំងទូកខ្នាតតូច អបអរសាទរនៃព្រះរាជពិធី បុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក នៅតំបន់ស្កាយលែន 7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ព្រះអង្គម្ចាស់ នរោត្តម ថានុរា ឯកអគ្គរាជទូតអមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ និងជាទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកអង្គម្ចាស់ក្សត្រី លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេតស៍គ្រុប និងជាស្ថាបនិករមនីយដ្ឋានស្កាយលែន ព្រមទាំង ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អជ្ញាធរស្រុក និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តមបានបន្តថា បើទោះបីជាឆ្នាំនេះប្រទេសកម្ពុជា បានសម្រេចផ្អាកការអុំទូកថ្នាក់ជាតិដើម្បីជៀសវាងការប្រមូលផ្តុំមនុស្សច្រើន បញ្ចៀសហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែព្រះរាជពិធីបុណ្យ ដែលជាព្រះរាជប្រវេណីរបស់ខ្មែរនៅតែបន្តធ្វើ នៅតាមផ្ទះដូចជា ការសំពះព្រះខែ អកអំបុក ជាពិសេស គឺការប្រកួតប្រណាំងទូកខ្នាតតូច នៅតំបន់ស្កាយលែន នេះតែម្តង។
ឯកឧត្តម បញ្ជាក់ថា បច្ចុប្បន្នខេត្តកណ្ដាលមានកីឡាដែលមានសក្កានុពល ជាច្រើនដូចជា បាល់ទាត់ បាល់ទះ អត្តពលកម្ម ទាញព្រ័ត្រ ប៉េតង់ និងទូកខ្នាតអន្តរជាតិ ដែលត្រូវបានគណៈកម្មការកីឡាជាតិ ទទួលស្គាល់និងជ្រើសរើសឲ្យចូលក្នុងក្រុមជម្រើសជាតិជាតំណាងជាតិ ទៅចូលរួមក្នុងការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់បន្តទៀតថាប្រសិនបើយើងនិយាយអំពីកីឡា អុំទូក ទូកងពិសេស គឺយើងមិនអាចបំភ្លេចដល់ ទូកងសារាយតេជោសែនជ័យ របស់ខេត្តកណ្ដាលបានឡើយ ដែលទទួលបានកិត្តិយស កេរ្តិ៍ឈ្មោះជាទូកគូរពិសេស មានចំណាត់ថ្នាក់បច្ចេកទេស ល្បឿនលឿនជាងគេក្នុងឆ្នាំ ២០១៦ និងឆ្នាំបន្តបន្ទាប់រហូតមកដល់ឆ្នាំ ២០១៩ ហើយទូកងសារាយតេជោសែនជ័យ ក៏នៅតែជាទូកដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងផែនទូកគូពិសេសដែលមានចំណាត់ថ្នាក់ ល្បឿនលឿនជាងគេ។
លោកឧកញ៉ា ស្រី ចាន់ថន បានឲ្យដឹងថា ទូកខ្នាតតូចដែលបានចូលរួមក្នុងការប្រកួតមានចំនួន ៣៨ ទូក ស្មើនិង ១៩គូ ហើយបន្ទាប់ពីបានឆ្លងកាត់ការប្រកួតទូក អស់រយៈពេល ៥ ថ្ងៃរួចមក ទូកដែលទទួលបានជ័យលាភីរួមមាន÷ សម្រាប់ប្រភេទទូកបាយចំណាត់ថ្នាក់លេខ ១ បានទៅលើទូកឈ្មោះបារ៉ុងសែនជ័យបារមីទួលសំពៅ លេខ២ បានទៅលើទូកឈ្មោះមេម៉ៅសែនជ័យបារមីទួលធំ លេខ ៣ បានទៅលើទូកឈ្មោះបុប្ផាខ្នោការ ចំពោះប្រភេទទូកខ្នាតអន្តរជាតិ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះពេជ្រកុមារសែនជ័យ លេខ ២ បានទៅលើទូកឈ្មោះពន្លឺពេជ្រមានជ័យ លេខ៣ បានទៅលើទូកឈ្មោះក្រុងនគរសែនជ័យបារមីវត្តមាត់ក្រសៈ៕

You might like