(ព្រះវិហារ)៖កាលពីយប់ទៀបភ្លឺថ្ងៃទី២ខែកញ្ញាឆ្នាំ២០២០មានករណីដឹកឈើខុសច្បាប់ដែលឈ្មួញបន្តរកស៊ីជារៀងរាល់ថ្ងៃនៅក្នុងខេត្តព្រះវិហារ។ឈ្មួញដឹកឈើខុសច្បាប់នោះត្រូវបានគេស្គាល់ឈ្មោះម៉េតគឺមានឥទ្ធិពលខ្លាំងក្នុងជំនួញឈើ។
ប្រភពព័ត៌មានបានឱ្យដឹងថាៈព្រៃឈើក្នុងខេត្តព្រះវិហារនៅតែរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ។ទោះជាមានបទបញ្ជាដ៏តឹងរឹងពីរាជរដ្ឋាភិបាលកម្ពុជាក្តីក៏នៅតែមានឈ្មួញបន្តរកស៊ីល្មើសច្បាប់ព្រៃឈើបានដដែល។ដូចជាឈ្មួញឈើខុសច្បាប់ឈ្មោះម៉េតគឺមានឥទ្ធិពលខ្លាំងផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាយ៉ាងដូច្នេះ។
ក្នុងហេតុការណ៍មួយដែលក្រុមឈ្មួញឈើដូចជាឈ្មោះម៉េតនិងបក្ខពួកហ៊ានប្រើអំពើហិង្សាប្រមាថដល់អាយុជីវិតអ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចតាមដងផ្លូវ។ជាក់ស្ដែងកាលពីយប់ម៉ោង ៣ ទៀបភ្លឺថ្ងៃច័ន្ទទី២ខែកញ្ញាឆ្នាំ២០២០នៅតាមដងផ្លូវជាតិលេខ៦២ស្ថិតត្រង់ចំណុចបង្គោលអង់តែនជិតផ្លូវចូលក្រុមហ៊ុនមេគង្គក្នុងភូមិអូពោធិ៍ឃុំរមណីយ៍ស្រុករវៀងខេត្តព្រះវិហារ។
ប្រភពព័ត៌មានបានបន្តថាៈរថយន្តមេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើបានរាំងបិទផ្លូវនិងថយក្រោយ បុករថយន្តអ្នកសារព័ត៌មាន នៅលើកំណាត់ផ្លូវជាតិលេខ៦២ស្ថិតក្នុងភមិអូរពោធិឃុំរមណីស្រុករវៀង ខេត្តព្រះវិហារ។ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពសុំឱ្យកម្លាំងសមត្ថកិច្ចចាត់វិធានការចំពោះទង្វើល្មើសច្បាប់និងបានចាត់ទុកសកម្មភាពប្រព្រឹត្តបទល្មើសរបស់ក្រុមឈ្មួញដឹកឈើក្នុងអំពើប៉ុនប៉ងធ្វើមនុស្សឃាត ដោយចេតនា។
អ្នកឃ្លាំមើលសកម្មភាពកាប់ឈើ និងក្រុមអ្នកសារព័ត៌មាននៅកម្ពុជាបានស្នើដល់អាជ្ញាធរខេត្តព្រះវិហារ ចាត់វិធានការក្តៅបំផុតចំពោះក្រុមជនសង្ស័យដែលជាឈ្មួញដឹកជញ្ជូនល្មើសច្បាប់ដែលបានប្រព្រឹត្តមកលើអ្នកសារព័ត៌មានទាំងកម្រោលនោះ ទៅតាមផ្លូវច្បាប់ជាធរមាន៕សហការី