អាវុធហត្ថ ខេត្ត បន្ទាយមានជ័យបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូងខេត្ត,,,

បន្ទាយមានជ័យ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថ ខេត្ត បន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០នេះ
ការបង្រ្កាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀននេះ ប្រតិបត្តិការឡើងដោយកម្លាំងមូលដ្ឋាន អាវុធហត្ថ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថ ក្រុង ក្នុងខណ:ពេលកម្លាំងចុះល្បាតដល់ចំណុចក្រោយខារ៉ាអូខេនាគមាសចាស់ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ នៅវេលាម៉ោង២២ និង១០នាទី ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០ ស្រាប់តែប្រទះឃើញយុវជនម្នាក់កំពុងប្រើប្រាស់គ្រឿងញៀន ពេលនោះកម្លាំងធ្វើការឃាត់ខ្លួន ហើយឆែកឆេររកឃើញគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០៣កូនថង់កិប ហើយកម្លាំងបានសួរនាំ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ព្រមទាំងដកហូតគ្រឿងញៀនបានចំនួន០១កូនថង់បន្ថែមទៀត និងដកហូតម៉ូតូចំនួន០២គ្រឿងផងដែរ ហើយបញ្ជូនមកមូលដ្ឋាន អាវុធហត្ថ ក្រុង ដើម្បីសាកសួរចម្លើយ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋាន អាវុធហត្ថ ក្រុង បានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់៖ ១.ឈ្មោះ ប៉ាន់ សុភ័ក្ត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្ន រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។ ២.ឈ្មោះ ផាលី ធីរ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្ន រស់នៅភូមិប្រឡាយហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ ។

ជនសង្ស័យទាំង០២នាក់ ក្រោយពេលសួរចម្លើយរួច បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ពិតប្រាកដមែន។

ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញ អាវុធហត្ថ ក្រុង កសាងឯកសារបញ្ជូនមកបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្ត ចាត់ការបន្ត។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ៕ដោយ៖សហការី

You might like