លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានគូសបញ្ជាក់ដោយខ្លីថា ៖ “ខ្ញុំសូមបញ្ជាក់ជូនថា សុខភាពអ្នកជំងឺរូបនេះនៅពេលនេះ គឺមិនមានសញ្ញាណាមួយដែលបង្ហាញពីសភាពធ្ងន់ធ្ងរនោះទេ

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ស្ថានភាពសុខភាពបុរសជនជាតិខ្មែរ ដែលជាអង្គរក្សការពារផ្ទាល់រដ្ឋមន្ត្រីការបរទេសហុងគ្រី ហើយត្រូវបានរកឃើញថាវិជ្ជមានវីរុសកូវីដ-១៩នោះ ស្ថិតក្នុងភាពល្អប្រសើរ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ស្ថានភាពសុខភាពបុរសជនជាតិខ្មែរ ដែលជាអង្គរក្សការពារផ្ទាល់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី ហើយដែលត្រូវបានរកឃើញថា វិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ស្ថិតក្នុងភាពល្អប្រសើរ។

លោកជំទាវ បានគូសបញ្ជាក់ដោយខ្លីថា ៖ “ខ្ញុំសូមបញ្ជាក់ជូនថា សុខភាពអ្នកជំងឺរូបនេះនៅពេលនេះ គឺមិនមានសញ្ញាណាមួយដែលបង្ហាញពីសភាពធ្ងន់ធ្ងរនោះទេ ហើយបច្ចុប្បន្ន គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត”។

លោកជំទាវ បានបន្ថែមថា ដោយឡែករាល់អ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយបុរសរូបនេះ ខាងក្រសួងសុខាភិបាល បាន និងកំពុងតែធ្វើការងារនេះផងដែរ ហើយលោកជំទាវក៏បានស្នើឱ្យអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ជាមួយនឹងអ្នកដែលបានបម្រើការងារក្នុងឱកាសដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី សូមទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីចៀសវៀងការព្រួយបារម្ភ និងសង្ស័យអំពីស្ថានភាពសុខភាពរបស់ខ្លួន។

គួររម្លឹកថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ មានការភ្ញាក់ផ្អើល ហើយក៏ជាលើកទី១ ដែលកម្ពុជារកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តប្រមាណជាង ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយគណៈប្រតិភូហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងមក៕ដោយ៖សហការី

You might like