ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែឆ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង ។

នាព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែឆ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ឯកឧត្តម​សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង​ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការ អរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច គណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់សង្គម​ ជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត​បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវគាំទ្រដល់ការចូលរួមប្រមូលផលស្រូវរបស់ ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។
២- មន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការពិនិត្យតាមដាន គាំទ្រ និងជម្រុញការដាំដុះឡើងវិញអោយចំទិសដៅ​ នូវគ្រាប់ពូជដំណាំ និងពូជស្រូវដែលរដ្ឋបាលខេត្ត បានធ្វើការចែកជូន ដល់ប្រជាពលរដ្ឋនាពេលកន្លងទៅថ្មីៗនេះ។
៣- បន្តរឹតបន្តឹងការអនុវត្តវិធានការ​ បង្ការទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ១៩ ជាពិសេសការធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេសអោយបានម៉ត់ចត់ និងតឹងរឹងបំផុត ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
៤- អភិបាលក្រុង ស្រុក ត្រូវបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងការជំរុញការបង់ពន្ធជូនរដ្ឋឱ្យបានទាន់ពេលវេលា។
៥- បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការទប់ស្កាត់ការជួយដូរ នឹងប្រើប្រាស់គ្រឿងញៀនអោយមានប្រសិទ្ធភាព៕

You might like