ប្រធានផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ ស្រវឹងស្រា ប្រើហិង្សាលើយុវជន៦នាក់

កណ្តាល៖លោកវរសេនីយ៍ទោ រ៉េត ប៊ុនលី ប្រធានផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលស្រវឹងស្រា បានប្រើអំពើហិង្សាលើយុវជន៦នាក់ ។

អំពើហិង្សានេះ កើតឡើងកាលពីវេលាម៉ោង៨៖៣០នាទី យប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ តែម្តង ។

យុវជនរងគ្រោះទាំង៦នាក់ រួមមាន ៖ ឈ្មោះ ផល បញ្ញា អាយុ១៦ឆ្នាំ , ឈ្មោះ លី រតនៈ អាយុ១៦ឆ្នាំ , ឈ្មោះ ផាន់ វេហា អាយុ១៦ឆ្នាំ , ឈ្មោះ ចាន់ រ៉ូហ៊ាន អាយុ១៦ឆ្នាំ , ឈ្មោះ ផល ប្រាក់ អាយុ១៣ឆ្នាំ និង ឈ្មោះ មិន ពន្លឺ អាយុ១៦ឆ្នាំ ។ ជនរងគ្រោះទាំងអស់ បានដាក់ពាក្យបណ្តឹងទៅលោកអធិការនគរបាលស្រុកកៀនស្វាយ រួចរាល់ហើយ ដើម្បីប្តឹងលោក រ៉េត ប៊ុនលី ។

ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ថ្លែងប្រាប់ អោយដឹងថានៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នេះ ថា ពិតជាករណីនេះកើតឡើងពិតមែន ដោយសារតែលោក រ៉េត ប៊ុនលី ផឹកស្រាស្រវឹង ។ លោកអធិការ បន្តថា សំណុំរឿងនេះ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួចហើយ ដើម្បីបន្តនីតិវិធី ។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្លែងប្រាប់ថា លោកកំពុងចាត់ការករណីនេះហើយ ។ ប៉ុន្តែ ខាងគ្រួសារជនរងគ្រោះ បានដកពាក្យបណ្តឹង វិញហើយ ។

អង្គហេតុនៃសំណុំរឿងនេះ ត្រូវបានប្រភពព័ត៌មាន បង្ហើបប្រាប់ថា ដោយសារតែសមត្ថកិច្ចបានឃាត់ខ្លួនយុវជន៤នាក់ ពាក់ព័ន្ធការបង្ហោះម៉ូតូ ។ ក្រោយមក យុវជន២នាក់ គឺ ឈ្មោះ ផល បញ្ញា និង ឈ្មោះ មិន ពន្លឺ បានមកសួរសុខទុក្ខ ស្រាប់តែលោក រ៉េត ប៊ុនលី ជាប្រធានផ្នែកប្រឆាំងគ្រឿងញៀន ស្រវឹងស្រា ក៏បានប្រើអំពើហិង្សាលើយុវជនទាំង៦នាក់ តែម្តង ៕

You might like