រដ្ឋបាល​ជលផល ប្រកាសជូនដំណឹងដល់បងប្អូន ដែលចង់ទិញ​ត្រី ធ្វើ​ប្រហុក​ ផ្អក​ សូមអញ្ជើញរួសរាន់ ព្រោះត្រីចាប់ផ្តើមត្រូវហើយ!

(ភ្នំពេញ)៖ រដ្ឋបាល​ជលផល សូម​អញ្ជើញ​បងប្អូន ប្រជាពលរដ្ឋ មានបំណង​ធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ រូតរះ​ទៅរក​ទិញ​ត្រី តាម​គន្លង​ដាយ​នេសាទ​ត្រី ក្នុង​ដង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៦ ខែធ្នូ ដែលជា​ថ្ងៃ​ចាប់បាន​ត្រី​ច្រើន​។​
​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៥ ធ្នូ បាន​ជូនដំណឹង ដល់​សាធារណជន​ថាៈ ក្នុង​រដូវវស្សា​ឆ្នាំ ២០២០-២០២១​នេះ បន្ទាប់ពី​បានធ្វើ​ការសង្កេត តាមដាន​លើ​កម្ពស់​ទឹក ដែល​ហូរ​ចេញពី បឹង​ទន្លេសាប​រួច ឃើញថា គន្លង​ដាយ នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាច​នេសាទ​ត្រី បាន​ច្រើន នៅក្នុង​ខែបុស្ស​នេះ គឺ​ចាប់​ពីថ្ងៃ ៦​កើត ដល់​ថ្ងៃ ១២​កើត ត្រូវ​នឹង​ថ្ងៃទី​២០ រហូតដល់​ថ្ងៃទី​២៦ ខែធ្នូ ប្រសិនបើ មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​ឥទ្ធិពល​ព្យុះ​។​
​ក្នុង​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា ដោយ​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល បាន​ស្នើសុំ​អញ្ជើញ​បងប្អូន ប្រជាពលរដ្ឋ ដែលមាន​បំណង​ធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ ។​ល​។ សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ មេត្តា​អញ្ជើញ​មក​ទិញ​ត្រី ក្នុង​ខែបុស្ស​នេះ ឱ្យបាន​រួសរាន់ តាម​ពេលវេលា និង​ទីកន្លែង ដូច​បាន​ជម្រាបជូន​ខាងលើ​៕ដោយ៖សហការី

You might like