ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ករណីពលរដ្ឋ ដុតសំរាមខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យឆេះកន្លែងទិញអេតចាយអស់មួយចំនួនធំ។
ហេតុការណ៍ឆេះទីតាំងទិញលក់អេតចាយ នៅតាមផ្លូវក្រវ៉ាត់ក្រុងនោះ បានកើតឡើងនៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយឃ្លាំង ក្នុងក្រុមទី៧ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
លោកនាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ បានឱ្យដឹងថា ម្ចាស់អេតចាយ ឈ្មោះ លឿង ប៊ុនចូវ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម។
ករណីអគ្គិភ័យនេះ បណ្ដាលឱ្យឆេះខូចខាតគំនរកំទេចជ័រសំបកទូរទស្សន៍អេតចាយ ដែលស្តុកទុកនៅខាងក្រោយ មានតម្លៃប្រហែលជាង ៣,០០០,០០០ រៀល។
លោកបន្តថា មូលហេតុនៃភ្លើងឆេះកន្លែងទិញអេតចាយនេះ ដោយសារតែអ្នកជិតខាង ឈ្មោះ ជា ម៉ិច ភេទ ប្រុស អាយុ ៤១ឆ្នាំ បានដុតសំរាមស្លឹកប្ញស្សីងាប់ៗ នៅដីរបស់ខ្លួន ដែលជាប់នឹងរបងកន្លែងទិញអេតចាយនោះ ហើយក៏ឆេះរាលដាលដល់កន្លែងអេតចាយតែម្ត
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ចំនួន ០៣ ឡាន (ឡានទឹកអធិការដ្ឋានក្រុងសៀមរាប ០១ឡាន, ឡានទឹកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ០២គ្រឿង) ទើបរលត់ជាស្ថាពរ៕