សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៩នាក់ ដែលបានវាយតប់ជនរងគ្រោះ ក្នុមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន កាលពីថ្ងៃទី១៧ ខែមករា..!

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន ៩នាក់ ដែលបានវាយតប់ជនរងគ្រោះ ឈ្មោះ ម៉ូល សំណាង នៅក្នុងមជ្ឈមណ្ឌលជាតិ សម្រាកព្យាបាលស្ដានីតិសម្បទា និងបន្សាបគ្រឿងញៀន ត្រូវឃាត់ខ្លួនបានហើយ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ជនសង្ស័យទាំង ៩នាក់ រួមមាន ទី១.ឈ្មោះ ចឹក ស្រឡះ អាយុ ២២ឆ្នាំ ទី២. ឈ្មោះ ថាន់ សុវិចិត្រ ហៅជ្រុយ អាយុ ២៨ឆ្នាំ ទី៣. ឈ្មោះ គ័ង ថៃ អាយុ ២៣ឆ្នាំ ទី៤. ឈ្មោះ ឈឹម បញ្ញា អាយុ ២៧ឆ្នាំ ទី៥. ឈ្មោះ ផុន ផានី អាយុ ២៩ឆ្នាំ ទី៦. ឈ្មោះ ម៉ម ភារិន អាយុ៣១ឆ្នាំ ទី៧. ឈ្មោះ ហ៊ុន ទូច អាយុ ៣៨ឆ្នាំ ទី៨. ឈ្មោះ ញ៉ែម សុខ អាយុ ២៥ឆ្នាំ ទី៩.ឈ្នោះ សុខ សុផល អាយុ ២៥ឆ្នាំ។ អ្នកទាំង៩ នាក់នេះ ស្នាក់នៅក្នុងមជ្ឈមណ្ឌលជាតិ ព្យាបាលស្ដានីតិសម្បទា និងបន្សាបគ្រឿងញៀន សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គូររំលឹកផងដែរថា បុរសម្នាក់ឈ្មោះ ម៉ូល សំណាង បានស្លាប់ ដោយសារមានការវាយតប់ បណ្ដាលឱ្យប៉ះទង្គិចក្បាល និងខ្លូនប្រាណធ្ងន់ធ្ងរ ពេលទៅសម្រាកព្យាបាលស្ដានីតិសម្បទា និងបន្សាបគ្រឿងញៀន កាលពីវេលាម៉ោង ១២:១២ នាទីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២១ នៅភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានបញ្ជាក់ថា សពជនគ្រោះមានឈ្មោះ ម៉ូល សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត លោកវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ឆ័យ រាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ ដោយសារការប៉ះទង្គិចក្បាល និងខ្លូនប្រាណធ្ងន់ធ្ងរ។ បច្ចុប្បន្ន សមត្ថកិច្ច បានប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

You might like