ភ្នំពេញ៖ កាលពី ល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រថយន្តធនធំម៉ាកហ៊ីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿន បុកម៉ូតូមួយគ្រឿងចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ ដួលបោកផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ តូច សារ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកស្មាស់រ៉េវូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1X-5387 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងល្បឿនល្មម ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3E-7022 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនក៏បានជ្រុលទៅបុកម៉ូតូម៉ាកស្មាស់រ៉េវូ ចំពីក្រោយចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ដួលបោកផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកឯ តៃកុងរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ បានបើកទៅមុខប្រហែល២០០ម៉ែត្រ ចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យចុះមកវាស់វែងយកម៉ូតូរងគ្រោះ និងរថយន្តបង្កយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕