អាជ្ញាធរ សម្រេចបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ដែលកំពុងផ្ទុះជំងឺកូវីដ-១៩

កណ្តាល ៖ លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចុះបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ជាបណ្តោះអាសន្ន ដែលមានខ្នងផ្ទះចំនួន៣០០គ្រួសារ។

ការសម្រេចបិទភូមិវាលធំ ជាបណ្តោះអាសន្ននេះ គឺដោយសារមានការផ្ទុះជំងឺកូវីដ-១៩ ដោយសមត្ថកិច្ចបានធ្វើការហ៊ុព័ទ្ធប្រជាពលរដ្ឋ មិនឲ្យចេញក្រៅ និងឲ្យខាងគ្រូពេទ្យធ្វើការយកសំណាកពួកគាត់ទាំងអស់គ្នា។

យោងតាម Facebook ផ្លូវការ របស់អធិការដ្ឋាននគរបាលស្រុកល្វាឯម បានឲ្យដឹងថា ការសម្រេចបិទភូមិវាលធំ ជាបណ្តោះអាសន្ននេះ គឺអនុវត្តតាមការបញ្ជាដឹកនាំពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងជំងឺកូវីដ-១៩ ស្រុកល្វាឯម។

ដោយឡែក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសដែរថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៦៤នាក់ បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងព្យាបាលជាសះស្បើយចំនួន១១នាក់៕

You might like