ក្មេងទំនើង២នាក់ ដែលជិះម៉ូតូវាយក្បាលជនបរទេសតាមដងផ្លូវ នៅខណ្ឌជ្រោយចង្វារ រួចយកទៅបង្ហោះលេងសើចនៅលើ TikTok ត្រូវបញ្ជូនទៅតុលាការហើយ

ភ្នំពេញ ៖ ក្មេងទំនើង២នាក់ ដែលជិះម៉ូតូវាយក្បាលជនបរទេស រួចយកទៅបង្ហោះលេងសើចនៅតាមបណ្តាញសង្គម TikTok ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ។ នេះបើយោងតាមលោកវេសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់នៅព្រឹកថ្ងៃនេះ។

ក្មេងទំនើងទាំង២នាក់រួមមាន៖ ជនសង្ស័យទី១. ឈ្មោះ លឹម ហុងឡេង ស្នាក់នៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ មុខរបរនៅផ្ទះ។ ជនសង្ស័យទី២. ឈ្មោះ រិន ចាន់តារ៉ា (ហៅ ស្លេក) ស្នាក់នៅផ្ទះជួល ផ្លូវវត្តចាស់ ភូមិ០១ សង្កាត់ជ្រោយចង្វារ មុខរបរជាងដែក។

ជនសង្ស័យទាំង២ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើហិង្សា (វាយក្បាល) លើជនបរទេសដែលមិនស្គាល់អត្តសញ្ញាណកំពុងជិះកង់ពិតប្រាកដមែនកាលពីវេលាម៉ោង៥៖១០នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវទន្លេសាប។ ពេលធ្វើសកម្មភាពនោះ ជនសង្ស័យឈ្មោះ រិន ចាន់តារ៉ា ហៅស្លេក ដែលជិះម៉ូតូពីក្រោយ គឺជាអ្នកទះក្បាលជនបរទេសពីក្រោយ ឯជនសង្ស័យឈ្មោះ លឹម ហុងឡេង ជាអ្នកបើកម៉ូតូម៉ាក Mio ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HK-2418 ដឹកជនដៃដល់។

បច្ចុប្បន្ន ជនសង្ស័យទាំង២ រួមនិងមធ្យោបាយធ្វើដំណើ (ម៉ូតូដែលជិះធ្វើសកម្មភាព) ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារបញ្ជូនសំណុំរឿងទៅតុលាការដើម្បីបន្តតាមនីតិវិធីច្បាប់។

សម្រាប់ករណីនេះគឺជាគំរូអាក្រក់មួយ ដែលមិនគួរកើតមានទាល់តែសោះ ដោយរូបគេបានធ្វើសកម្មភាពបង្ហាញពីការខ្វះសីសធម៌ នៅក្នុងសង្គម ពិសេសទៅលើជនបរទេសតែម្ដង៕

You might like