អុញនោះ! ម្ចាស់ទីតាំង ឆ្នោតវៀតណាម ឆ្នោតថៃរបស់P66ពិតជាមានអំណាចខ្លាំងមែន បេីកលេងដោយហរ លែងខ្លាចអាជ្ញាធរមានសមត្ថកិច្ចហេីយ

ខេត្ដកំពង់ធំ ៖ គេមិនដឹងថាសមត្ថកិច្ចខ្សោយឬមេល្បែងខ្លាំងនោះទេ ទើបក្រុមអាជីវកម្មឆ្នោតវៀតណាម និងឆ្នោតថៃ ដែលមានយីហោសម្គាល់ P66 ក្នុងខេត្តកំពង់ធំ បាននិងកំពុងបន្តបង្រីកខ្លួនបើកលេងគ្រប់ទីកន្លែងយ៉ាងបើកចំហរដោយគ្មានកោតខ្លាចសមត្ថកិច្ចបន្តិចសោះ។

មហាជនបានដាក់សង្ស័យថា ទំនងជា សមត្ថកិច្ចអាចជាខ្នងបង្អែកដ៏រឹងមាំក្នុងអាជីវកម្មនេះ ទើបគ្មានការចុះបង្ក្រាបដូច្នេះ ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ គេបានឃើញអាជីវកម្មឆ្នោតជាច្រើនប្រភេទ បូករួមទាំងឆ្នោតយួន ឆ្នោតថៃ ឆ្នោតកោស ឆ្នោតឡូតូ បាននិងកំពុងលេងយ៉ាងបើកចំហរ នៅតាមទីសាធារណៈ និងទីប្រជុំជននានា នៃខេត្តកំពង់ធំ ដោយអ្នកកត់ ត្រូវបានពង្រាយទៅគ្រប់ទីកន្លែង និងគ្រប់មូលដ្ឋានដែលពលរដ្ឋរស់នៅដោយដាក់សញ្ញាសម្គាល់ជាលេខ P66 និងមានសរសេរបញ្ជាក់ពីចំនួនស៊ីសង ហើយទទួលអោយចាក់ដោយសេរី ។

ការបើកដោយចំហរនិងយីហោសម្គាល់អាជីវកម្មនេះបានធ្វើអោយអ្នកញៀនល្បែងកន្ទុយលេខ(ឆ្នោត)ហ៊ានលេងដោយមានទំនុកចិត្តនិងគ្មានការភ័យខ្លាច។

ជុំវិញសេរីភាពនៃការបើកលេងនិងមានដាក់ទាំងយីហោផងនោះ ត្រូវបានមហាជន រិះគន់ថា គឺជាការបើកភ្លើងខៀវដ៏មានប្រសិទ្ធិភាពពីសមត្ថកិច្ច ទើបអាជីវកម្មឆ្នោតនេះ អាចដំណើរការយ៉ាងរលូន ដោយគ្មានការរំខានដូច្នេះ ។

ប្រភពនិយាយថា មេឆ្នោតដែលគ្រប់គ្រងអាជីវកម្មឆ្នោតវៀតណាម និងឆ្នោតថៃដ៏មានឥទ្ធិពលយីហោP66គេស្គាល់ថាមានរហស្សនាម មេខ្លា ជាម្ចាស់អាជីវកម្មឆ្នោត នៅខេត្តកំពង់ធំ និងខេត្តសៀមរាប និងជាអ្នកដែលមានទ្រព្យស្តុកស្តម្ភផងដែរ ។

បច្ចុប្បន្នមានតែអាជីវកម្មឆ្នោតវៀតណាម និងឆ្នោតថៃរបស់លោក មេខ្លា P66 ម្នាក់ប៉ុណ្ណោះដែលអាចបើកលក់និងលេងបានយ៉ាងរលូនក្នុងទឹកដីខេត្តកំពង់ធំ និងខេត្តសៀមរាប ។

ក្រៅពីក្រុម P66 មិនអាចឈរជើងលេងក្នុងខេត្តទាំងពីរនេះបានទេបើហ៊ានតែបើកគឺសមត្ថកិច្ចធ្វើការកំទេចភ្លាម និយាយរួមខេត្តសៀមរាបនិងខេត្តកំពង់ធំជាតំបន់រកស៊ីផ្តាច់មុខរបស់P66។

គួរបញ្ជាក់ថា ការប្រព្រឹត្តល្បែងស៊ីសងដូចជា ល្បែងឆ្នោតវៀតណាម និងឆ្នោតថៃ ខាងលើ គឺជាទង្វើដែលផ្ទុយទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយកន្លងមកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បាន ដាក់បទបញ្ជាឲ្យសមត្ថកិច្ច ធ្វើយ៉ាងណា ត្រូវបង្ក្រាបឲ្យបាន នូវល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានដែលខ្លួនគ្រប់គ្រងដើម្បីជាការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

ជុំវិញករណីនេះដែរមហាជនចាំមើលថា តើសមត្ថកិច្ចខ្សោយឬអាជីវកម្មឆ្នោតP66របស់មេខ្លាំង ៕

You might like