អាហារដ្ឋាននិងភោជនីយដ្ឋានមួយចំនួនធំនៅខេត្តបាត់ដំបងត្រូវបិទទ្វា

បាត់ដំបង៖នៅក្រុងបាត់ដំបងធ្លាប់តែមានមនុស្សម្នាអ៊ូអរ ចូលហាងទទួលទានអាហារ និង មានតន្រ្តីកំដរ យ៉ាងសប្បាយរីករាយ តែបច្ចុប្បន្ន នេះមានភាពផ្ទុយស្រឡះពីគ្នា បន្ទាប់ពីជំងឺកូវីដ-១៩ បន្តឆ្លងរាលដាលចូលសហគមន៍ ពីសេសព្រឹត្តការណ៍ចុងក្រោយ នាថ្ងៃ២០កុម្ភៈ។

បណ្តាអាហារដ្ឋាន ភោជនីយដ្ឋាន មួយចំនួនធំនៅក្រុងបាត់ដំបង ត្រូវបានម្ចាស់ ហាងសម្រេចបិទទ្វារដោយ ខ្លួនឯង ដោយសារគ្មានភ្ញៀវចូលទទួលទានដូចមុន ធ្វើឱ្យម្ចាស់អាជីវកម្មទាំងនោះ មិនអាចទប់ទល់នឹងការចំណាយលើបុគ្គលិក និង ជួលទីតាំងហាង និងខ្លះខ្ចីបុលធនាគារជាដើម។

ម្ចាស់ហាងខ្លះ បានសម្រេចចិត្ត បិទអាជីវកម្មរបស់ខ្លួន ដោយសារតែខ្លាច ឆ្លងជំងឺកូវីដ-១៩ និង ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ផង។

កញ្ញា ស្រី រ័ត្ន ជាម្ចាស់អាជីវកម្ម អាហារដ្ឋាន២កន្លែងលក់ពេលយប់ បាននិយាយថា ដោយសារតែគ្មានភ្ញៀវមកញាំអាហារដូចមុន គាត់បានសម្រេចចិត្តបិទអាជីវកម្មមួយកន្លែងព្រោះ មិនអាចទប់ទល់នឹងការចំណាយលើបុគ្គលិក និង ជួលទីតាំងហាងនោះទេ ។ ណាមួយដើមទុនដែលយកមក បើកហាង សុទ្ធសឹងតែខ្ចីធនាគារទៀត វាធ្វើឱ្យជួបការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំង។

ម្ចាស់ហាងរូបនេះបានបន្តថាបច្ចុប្បន្នថ្វីត្បិតតែគាត់បន្តបើកហាងមួយកន្លែងទៀតនៅបណ្តោយមាត់ស្ទឹងសង្កែប៉ែកខាងកើត ដោយសារតែទីនេះមិនបានជួលនោះទេ ទើបអាចដំណើរការបាន ។ប៉ុន្តែកញ្ញា ម្ចាស់ ហាងបានត្អូញត្អែរថាមួយយប់លក់បានពីរទៅបីតុប៉ុណ្ណោះ គ្រាន់បានចិញ្ចឹមបុគ្គលិកដែលខ្លះគាត់មកពីស្រុកឆ្ងាយ ធ្វើការនៅទីនេះ ទំរាំតែសភាពការណ៍ជំងឺកូវីដស្ងប់ស្ងាត់និងមានភ្ញៀវឡើងវិញ ។

ម្ចាស់អាជីវកម្មផ្សេងទៀតសុទ្ធសឹងតែត្អូញត្អែរស្រដៀងគ្នា ថាពេលយប់ធ្លាប់តែមានមនុស្សម្នាអ៊ូអរ បច្ចប្បន្នស្ងាត់ឈឹង ពុំសូវ មានមនុស្សម្នាជិះតាមដងផ្លូវនិងចូលញាំអាហារដូចមុន នោះទេ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង ។ ពួកគាត់បន្តថាថ្វីត្បិតលក់ដូរមិនចំណេញក៏ដោយចេះតែលក់ទៅ ព្រោះថាមិនចង់ឱ្យ បុគ្គលិកត្រឡប់ទៅស្រុកវិញ គឺមិនងាយហៅមកធ្វើការវិញ នោះទេ នៅពេលដែល ជំងឺកូវីដ-១៩ស្ងប់ស្ងាត់និងមានភ្ញៀវដូចមុន ។

ក្រុមអាជីវករទាំងនោះបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មទាំងអស់ចូលរួមគោរពឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានសុវត្ថិភាពទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ ជំងឺកូវីដ-១៩ ឱ្យឆាប់រលាយសាបសូន្យចេញពីប្រទេសកម្ពុជា ដើម្បីឱ្យដំណើរការសេដ្ឋកិច្ច ក្នុងប្រទេសយើងដំណើរការឡើងវិញបានឆាប់។

អាជីរកម្មខ្លះត្រូវបានអាជ្ញាធរខេត្តសម្រេចដកអាជ្ញាប័ណ្ឌ បណ្តោះអាសន្ន ដោយសារ តែមិនបានគោរពទៅតាមគោលការណ៍ណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ ដូចជាគ្មាន អាល់កុល សម្រាប់ភ្ញៀវ បុគ្គលិកមិនមានពាក់ម៉ាស់ និង តុកៅអី មិនរក្សាបានគម្លាតសុវត្ថិភាព ខ្លះគ្មានអាជ្ញាប័ណ្ណទេសចរណ៍ជាដើម ។ ចំណែកហាងខារ៉ាអូខេ ក្លឹបកម្សាន្តត្រូវបានបិទ ជាបណ្តោះ អាសន្ននៅក្នុងខេត្តបាត់ដំបង ដោយសារ តែមានការណែនាំពីអាជ្ញាធរនិងមន្រ្តីជំនាញ ។ អាជីវកម្មទាំងនោះអាចដំណើរការ វិញបាន លុះត្រាតែការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កម្ភៈ បានធូរស្បើយនិងមានការ ជូនដំណឹងជាថ្មី ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីរហូត ដល់ ចំនួន៣៥នាក់បន្ថែមទៀត ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៣៣នាក់ និង២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន៣២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕ 

You might like