អង្គភាពសុីម៉ាក់កម្ពុជា កំពុងស្រាវជ្រាវនឹង ហ្វឹកហាត់ សត្វសុនខ ជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា​ (កូវីដ១៩)​

ភ្នំពេញ ៖ យោងតាមផេកផ្លូវការ លោក HENG Ratana ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានអោយដឹងថា៖ ផ្អែកតាមគំនិតផ្តួចផ្តេីមនិងអ​នុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ បានប្រគល់ភារកិច្ចជូនក្រសួងសុខាភិបាលនិងអង្គភាពសុីម៉ាក់​ ឱ្យរៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា​ (កូវីដ១៩)​ដោយមានក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងក្រុមអ្នកជំនាញសុនខ​ សិក្សារួ​មគ្នា។ គំនិតផ្តួចផ្តេីមនេះ​ បង្ហាញពីការគិតគូររបស់សម្តេចតេជោ​ ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកគ្រប់វិធីសាស្ត្រដែលអាចធ្វេីទៅបាន​ ដេីម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩! ។

ព្រឹកថ្ងៃពុធ ១១កេីត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤​ ខែមីនា ឆ្នាំ២០២១ ខ្ញុំបានចុះមកពិនិត្យការងារសុនខនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន​សុីម៉ាក់ខេត្តកំពង់ឆ្នាំង ដេីម្បីរៀបចំត្រៀមលក្ខណៈធ្វេីការស្រាវជ្រាវ​និងអភិវឌ្ឍន៍បច្ចេទេសសុនខហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា(កូវីដ១៩​)។ ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ​ ក្រុមអ្នកបច្ចេកទេសសុនខ​នៃអង្គភាពសុីម៉ាក់ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា​ ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន។ អង្គភាពសុីម៉ាក់​ ត្រៀមសុនខ​ ត្រៀមឯកសារហ្វឹកហ្វឺន​ រៀបចំទីតាំងហ្វឹកហ្វឺន​ និងអ្នកឯកទេសសំរាប់បំរេីការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វេីការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល​។ ខ្ញុំបានពិភាក្សាការងារនេះជាមួយឯ.ឧសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ដោយឯ.ឧរដ្ឋមន្ត្រីប្រគល់ភារកិច្ចឱ្យសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ជាអ្នកទទួលខុសត្រូវសហការអនុវត្តផ្ទាល់ជាមួយអង្គភាពសុីម៉ាក់។
សូមបញ្ជាក់ថា​ មានប្រទេសមួយចំនួនដូចជា​ អាល្លឺម៉ង់​ ហ្វាឡង់​ អូស្ត្រាលី​ រុស្សុី​ ជាដេីមបាននិងកំពុងប្រេីប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា​ ផងដែរ៕

You might like