គួរឲ្យសង្វេគណាស់?ភ្លើងឆេះព្រៃ បណ្ដាលឱ្យបុរសម្នាក់រត់ចេញមិនរួចក៏ឆេះស្លាប់ នៅឃុំជីរោទិ៍ទី២!

(ខេត្តត្បូងឃ្មុំ)៖ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ០១:២៥នាទីរសៀល នៅចំណុចដីចំការ មួយកន្លែង ស្ថិតនៅខាងលិច ភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ពេលភ្លើងកំពុងឆេះសន្ធោរសន្ធៅ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជាច្រើននាក់ បាននាំគ្នាទៅជួយពន្លត់ភ្លើង ក៏ប្រទះឃើញសពជនរងគ្រោះឈ្មោះ អ៊ុក ចយ ភេទប្រុស អាយុ៧០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានភ្លើងឆេះរោលខ្លោចខ្លួននៅក្នុងព្រៃស្លាប់យ៉ាងអាណោចអាធម័ ។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ ដោយមានការ ចូលរួមសហការពីគ្រូពេទ្យមណ្ឌលសុខភាពជីរោទិ៍ទី២ និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងសន្និដ្ឋានថា សព ពិតជាស្លាប់ដោយសារភ្លើងព្រៃឆេះខណៈពេលចូលទៅពន្លត់ភ្លើងដែលកំពុងឆេះព្រៃនោះ ដោយមានខ្យល់ខ្លាំងភ្លើងឆាបឆេះហើយរត់គេចពីភ្លើងមិនរួច ។ ក្រោយពីមន្ត្រីជំនាញធ្វើការ ពិនិត្យរួច សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

You might like