កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នឹងបិទចាប់ពីវេលាម៉ោង៨យប់ដល់ម៉ោង៥ទៀបភ្លឺ រយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២១!

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទកាណូតចម្លងពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ រយៈពេល១៤ថ្ងៃ (ពីថ្ងៃ ០១ ដល់ថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២១)។

កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ សូមគោរពជម្រាបជូន លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា និងសាធារណជនមេត្តាជ្រាបថា៖ យោងតាមសេចក្តីសម្រេចលេខ ០៦៨/២១.សសរ ចុះថ្ងៃព្រហស្បតិ៍៤រោច ខែចេត្រ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២១ ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ កំពង់ចម្លងយើងខ្ញុំនឹងបិទកាណូតចម្លង ចាប់ពីវេលាម៉ោង៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ រយៈពេល ១៤ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២១)។
ការផ្តល់សេវាឆ្លងជូនក្នុងថេរវេលាបិទការចម្លងខាងលើលើកលែងតែ៖
១.ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារដែលមាន លិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

២.ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យ ទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់ អគ្គិភ័យ រថយន្តឬ យានយន្តដឹកអ្នកជំងឺសង្គ្រោះបន្ទាន់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព។
៣.ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ អាស្រ័យហេតុនេះ សូម លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

You might like