អាជ្ញាធរខេត្តមណ្ឌលគិរីដុតបំផ្លាញដើមកញ្ឆាស្រស់ជាង២ពាន់ដើមចោល!

(មណ្ឌលគិរី)៖ អាជ្ញាធរខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានដុតបំផ្លាញដើមកញ្ឆាស្រស់ជាង២ពាន់ដើម នៅព្រលានយន្តហោះថ្មី ស្ថិតនៅក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ក្រោមវត្តមានលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្នុងពិធីដុតបំផ្លាញដើមកញ្ឆាស្រស់បានបញ្ជាក់ថា៖ដើមកញ្ឆាទាំងអស់គឺបានពីការបង្ក្រាប កាលពីពេលថ្មីៗក្នុងស្រុកអូររាំង។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា៖ កាលពីអំឡុងឆ្នាំ២០២០កន្លងទៅនេះ សមត្ថកិច្ចជំនាញ ប្រឆាំងគ្រឿងញៀន ធ្វើការស្រាវជ្រាវ និងបង្ក្រាបទាន់ពេលជាបន្តបន្ទាប់ចំនួន ៤៦លើកចាប់ជនសង្ស័យចំនួន៨៥នាក់ ស្រី៤ នាក់។

នៅដើមឆ្នាំ២០២១ នេះកម្លាំងជំនាញធ្វើការបង្ក្រាបបានចំនួន ១៦លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៤៥នាក់ ស្រី ០៩នាក់ បញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមច្បាប់។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញ បានចុះបង្រ្កាបករណីដាំដុះដំណាំកញ្ឆាចំនួន ២ទីតាំង សរុបចំនួនជាង ២ពាន់ដើម ស្មើនឹងទម្ងន់ ៣៨៤គីឡូក្រាម និងសម្ភារមួយចំនួនទៀត ត្រង់ ចម្ការពលរដ្ឋ នៅក្បែរមាត់អូរ ក្នុងភូមិពូហ្យាម ក្នុងឃុំសែនមនោរម្យ៕សហការី

You might like