កម្លាំងនគរបាលក្រុងតាខ្មៅ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអាជីវករណា នៅតែហ៊ានលួចលក់ដូរល្មើសនឹងបំរាម

កណ្ដាល ៖ លោក យី វណ្ណដា អធិការក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចុះធ្វើការអប់រំណែនាំ និងព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះក្រុមអាជីវករលក់បន្លែ ៥តូប ដែលលួចលាក់បើកលក់ល្មើសនឹងបម្រាមរបស់រដ្ឋបាលខេត្ត ដែលបានបិទផ្សារទាំងអស់នៅក្រុងតាខ្មៅ។

លោក យី វណ្ណដា បានឱ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរ បាលខេត្តកណ្ដាល លោកបានដឹងនាំកម្លាំងចុះពិនិត្យអប់រំណែនាំ និងព្រមានវិធានការផ្លូវច្បាប់ ចំពោះក្រុមអាជីវករលក់បន្លែប្រមាណជា៥តូប ដែលលួចលាក់បើកលក់ ល្មើសនឹងបម្រាមរបស់រដ្ឋបាលខេត្ត ដែលបានបិទផ្សារទាំងអស់នៅក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។

លោកអធិការ យី វណ្ណដា ថ្លែងបន្តថា ក្រុមអាជីវករបានយល់ព្រមទទួលយកការអប់រំនេះ ហើយសន្យាឈប់លួចលក់បន្តទៀតហើយ ដោយគោរពតាមការណែនាំ របស់សមត្ថកិច្ច។

លោកអធិការរបញ្ជាក់ទៀតថា សូមបងប្អូនប្រជាពលរដ្ឋក្រុងតាខ្មៅមេត្តាចូលរួមគោរពតាមការណែនាំរបស់អាជ្ញាធរ ហើយអាចទៅទិញម្ហូបអាហារ បាននៅឯផ្សារ ដែលទើបនឹងរៀបចំថ្មីនៅកីឡដ្ឋានខេត្តកណ្ដាល ដោយគោរពតាមវិធានការអនាម័យឲ្យបានខ្ចាប់ខ្ចួន ពិសេសត្រូវចូលរួមទាំងអស់គ្នាតាមវិធានការ «៣កុំ ៣ការពារ» ឲ្យបានខ្ចាប់ខ្ចួន ដើម្បីរួមគ្នាកំចាតត់មេរោគកូវីដ១៩ ចេញឲ្យអស់ពីស្រុកយើង។

គួររម្លឹកថា គិតមកដល់យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ អត្រាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគ២០កុម្ភ: នៅទូទាំងខេត្តកណ្ដាល មានចំនួន ២០,៥៧៨ នាក់ ក្នុងនោះអ្នកមានវិជ្ជមានសរុប ៥២៦នាក់ ,ជាសះស្បើយចំនួន ៣២៦នាក់, អ្នកកំពុងធ្វើចត្តាឡីស័កតាមមណ្ឌលមានចំនួន ១៥១៨នាក់ នៅតាមផ្ទះមានចំនួន ៦,២៦៣នាក់ , អ្នកត្រូវបញ្ចប់ចត្តាឡីស័កនៅតាមមណ្ឌលមានចំនួន ២,២៨១នាក់ និងតាមផ្ទះមានចំនួន ១០,០៦៩នាក់៕

You might like