ហួសហេតុ! មេប៉ុស្ដិ៍ និងនាយរងប៉ុស្តិ៍រវៀង ស្រុកសំរោង ឈ្លោះគ្នាតាមវិទ្យុទាក់ទង ផ្អើលអស់អ្នកស្រុក រឿងផឹកស្រវឹងឲ្យ «ក្ដ»

តាកែវ ៖ គេរាយការណ៍ថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ អធិការនគរបាលស្រុកសំរោង ខេត្តតាកែវ លោក ភី ឆុន បានអញ្ជើញភាគីជម្លោះជាមន្រ្តីនគរបាលប៉ុស្តិ៍ និងអនុប៉ុស្តិ៍រវៀង មកសម្របសម្រួល និងស្តាប់ហេតុផល។ ហេតុផលនោះ គឺការដែលមន្ត្រីនគរបាលឋានៈអនុប៉ុស្តិ៍មួយរូប ស្រវឹងស្រាស្រែកឡូឡាតាមវិទ្យុទាក់ទងថែមទាំងឲ្យ “ក្ត” នាយប៉ុស្តិ៍ទៀតផង។

គេមិនដឹងថាតើលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ យល់យ៉ាងណា នឹងមានវិធានការយ៉ាងណាចំពោះកូនចៅដែលស្រវឹងស្រាស្រែកជេរគ្នាតាមវិទ្យុទាក់ទងបែបនេះ។ ឬមួយចាត់ទុកជារឿងធម្មតាសម្រាប់អ្នកស្រវឹង។ គេកំពុងរង់ចាំមើលចំណាត់ការរបស់លោកស្នងការ នៅគ្រាដែលភាគីជម្លោះទាំងពីរ កំពុងសម្របសម្រួលគ្នា នៅអធិការដ្ឋាននគរបាលស្រុកសំរោង។

គួរបញ្ជាក់ថា វាជារឿងគួរឲ្យអាមាស់ខ្លាំងណាស់ សម្រាប់អង្គភាពអ្នកច្បាប់មួយ ដែលបម្រើសេចក្ដីសុខជូនប្រជាពលរដ្ឋ តែបែរជាត្រូវឈ្លោះហែកហួរគ្នាពេញវិទ្យុទាក់ទង ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវទាំងមូល។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោក អ៊ុ សុខេន នាយប៉ុស្ដិ៍រដ្ឋបាលរវៀង បានរត់ទៅសម្ងំដេកទទូរភួយក្នុងផ្ទះរបស់ខ្លួន ក្រោយមានការទាស់ពាក្យសម្ដីជាមួយលោក កែប កំសាន្ដ នាយរងប៉ុស្ដិ៍ តាមវិទ្យុទាក់ទងរឿងហៅគ្នាផឹកស៊ី។

តាមប្រភពដដែលបានឲ្យដឹងទៀតថា លោក កែប កំសាន្ដ បានកោះហៅគ្នីគ្នាតាមរយៈវិទ្យុទាក់ទង ដើម្បីបបួលគ្នាផឹកស៊ី។ ក្រោយមកប្រហែលជាលោក កែប កំសាន្ដ ស្រវឹងធ្លាក់ភ្នែកនិយាយគ្នាលែងដឹងខ្យល់អីតាមអាកូម ស្រាប់តែលោក អ៊ុ សុខេន នាយប៉ុស្ដិ៍រដ្ឋបាលរវៀង និយាយអប់រំណែនាំតាមវិទ្យុទាក់ទង តែត្រូវបានលោក កែប កំសាន្ដ ដាក់មួយមាត់ម៉ាឆ្ងាញ់ គឺ «អាចម៍ក្ដីអីហ្អា»។

យោងតាមសម្ដីលោក អ៊ុ សុខេន បានឲ្យដឹងថា លោកលែងនិយាយហើយចំពោះលោក កែប កំសាន្ដ លោកគ្រប់គ្រងលែងបានហើយមិនដឹងថាលោកកំសាន្ត អាងខ្នងប៉ុណ្ណានោះទេ មួយថ្ងៃៗឲ្យតែក្ដលោកជាមេរបស់ខ្លួន។ លោកនាយប៉ុស្ដិ៍ បានបញ្ជាក់ទៀតថា លោកបានរាយការណ៍ទៅលោកអធិការស្រុកសំរោងរួចហើយ តែលោកអធិការថា ចាំចូលឆ្នាំរួចសិនចាំមានចំណាត់ការ។

លោកនាយប៉ុស្ដិ៍ បានបន្ដទៀតថា លោកខ្មាស់ប្រជាពលរដ្ឋណាស់ ក្នុងនាមជាមេគេនិយាយកូនចៅមិនស្ដាប់។ ពេលលោកត្រូវការកម្លាំង លោកទូរស័ព្ទទៅលោក កែប កំសាន្ដ បែរជាលោក កែប កំសាន្ដ កុំទាន់អាលលោកនៅបង្ហើយ(ស្រាបៀរ)មួយកំប៉ុងសិន ហើយមួយកំប៉ុងតាំងពីព្រឹកទល់យប់។ ប្រការនេះ លោកហួសចិត្តពេកហើយសូមថ្នាក់លើមេត្តាជួយមានវិធានការចំពោះមន្រ្តីនេះផង។

លោក ភី ឆុន អធិការស្រុកសំរោង បានឲ្យដឹងថា លោកទទួលបានព័ត៌មាននេះហើយ លោកនឹងកោះហៅនាយប៉ុស្ដិ៍ និងនាយរងទាំងពីរនាក់ មកសាកសួរ និងធ្វើកិច្ចសន្យាបញ្ឈប់ បើនៅបន្តលោកសុំគោលការណ៍ថ្នាក់លើផ្លាស់ប្ដូរចេញរៀងៗខ្លួនតែម្ដង។

ប្រជាពលរដ្ឋរស់នៅឃុំរវៀង សម្ដែងការមិនពេញចិត្តដែលមន្ត្រីនគរបាលមានអត្តចរឹកពាលបែបនេះ មកបម្រើពួកគាត់ទេ។ សូមលោក សុខ សំណាង ស្នងការនគរបាលខេត្តាកែវ មើលមន្រ្តីក្រោមឱវ៉ាទរបស់ខ្លួនផង និងមានចំណាត់ការឲ្យបានលឿនបំផុត ព្រោះបើមានមន្រ្តីធុនៗនឹងធ្វើឲ្យអង្គភាពបាត់បង់តម្លៃ និងអស់ជំនឿចិត្តពីប្រជាពលរដ្ឋជាក់ជាមិនខាន៕

You might like