ក្ដៅៗ! តុលាការខេត្តកំពត ចេញដីកាឃុំខ្លួនជនជាតិចិន១៤នាក់ ដាក់ពន្ធនាគារ ករណីលួចធ្វើដំណើរឆ្លងខេត្ត មករាជធានីភ្នំពេញ

កំពត ៖ តុលាការខេត្តកំពត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញដីកាឃុំខ្លួនជនជាតិចិន ចំនួន១៤នាក់ ដាក់ពន្ធនាគារ ក្រោយកម្លាំងនគរបាលបង្ក្រាបបាន ពេលកំពុងលួចឆ្លងដែនពីខេត្តកំពត មករាជធានីភ្នំពេញ ដោយបន្លំជិះនៅក្នុងរថយន្តដឹកទំនិញ។

ស្នងការនគររបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងថា ក្រោយតុលាការបានចេញដីការួច កម្លាំងរបស់លោកបាននាំខ្លួនជនជាតិចិនទាំង១៤នាក់នេះ ទៅកាន់ពន្ធនាគារខេត្ត។

សូមបញ្ជាក់ថា កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានបង្ក្រាបជនជាតិចិន១៤នាក់ ដែលបម្រុងធ្វើដំណើរឆ្លងកាត់ខេត្តកំពត ទៅរាជធានីភ្នំពេញ បន្លំជិះក្នុងរថយន្ដដឹកជំនិញដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។

ស្នងការនគររបាលខេត្តកំពត បានបញ្ជាក់ថា កម្លាំងប្រចាំការនៅគោលព្រំប្រទល់ខេត្តរបស់លោក បានធ្វើការឃាត់រថយន្តមួយគ្រឿង នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានរត់ពន្ធដឹកជនជាតិចិនចំនួន១៤នាក់ ពីខេត្តព្រះសីហនុ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឆ្លងកាត់តាមភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។ បើតាមលោកឧត្តមសេនីយ៍ស្នងការ រថយន្ដដែលសមត្ថកិច្ចបង្ក្រាបបាននោះ ម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខភំ្នពេញ2AH-0465។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា តាមការសួរនាំជំហ៊ានដំបូង ពួកគេធ្វើដំណើរមកពីខេត្តព្រះសីហនុ ហើយក្នុងគោលដៅទៅរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្ដខាងលើនេះ បិទបាំងកេសស្នោនៅជុំវិញកញ្ចប់ ដើម្បីបន្លំភ្នែកសមត្ថកិច្ចថាជារថយន្ដដឹកគ្រឿងសមុទ្រ៕

You might like